រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ដិត ឡូ វាសនាគីរី រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក “សិក្ខាសាលាពិគ្រោះយោបល់ ដើម្បីធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់សុខភាពសាធារណៈ” នៅសណ្ឋាគារ រ៉ាហ្វ៊ល ឡឺ រ៉ូយ៉ាល់។
សិក្ខាសាលានេះ មានគោលបំណង ពិនិត្យលើផែនការសកម្មភាពជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់សុខភាពសាធារណៈ ២០២០-២០២៤ ដើម្បីធ្វើបច្ចុប្បន្នសម្រាប់ឆ្នាំ២០២៦-២០៣០
ឆ្លៀតក្នុងវគ្គសិក្ខាសាលានេះ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានផ្តល់នូវទស្សនទាន៥ចំណុច សម្រាប់ពិនិត្យពិចារណា ដើម្បីបង្ការ និងគ្រប់គ្រងផលប៉ះពាល់លើសុខភាពសាធារណៈ និងបរិស្ថាន ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ រួមមាន (គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ និងគ្រោះថ្នាក់សុខភាពដទៃទៀត) ដូចខាងក្រោម៖
១-បង្កើនសមត្ថភាពស្ថាប័ន និងគាំទ្រដល់សហគមន៍ ក្នុងការវាយតម្លៃហានិភ័យ ដើម្បីកំណត់អត្តសញ្ញាណគ្រោះថ្នាក់ និងភាពងាយរងគ្រោះ ហើយរៀបចំផែនការត្រៀមឆ្លើយតបនឹងគ្រោះអាសន្នសុខភាព និងអនុវត្តផែនការស្តារឡើងវិញក្រោយព្រឹត្តការណ៍មហន្តរាយ ដោយមានការចូលរួមពីស្ថាប័ន អង្គភាព អាជ្ញា ធរមានសមត្ថិកិច្ច និងភាគីពាក់ព័ន្ធ
២-ធ្វើបច្ចុប្បន្នកម្មទីតាំងភូមិសាស្ត្ររបស់មូលដ្ឋានសុខាភិបាល និងសហគមន៍ក្នុងតំបន់គ្របដណ្តប់ ដែលងាយទទួលរងគ្រោះថ្នាក់ ហើយបញ្ចូលព័ត៌មានទាំងនោះទៅក្នុងផែនការគ្របដណ្តប់សុខាភិបាល
៣-ពង្រឹងប្រព័ន្ធប្រកាសគ្រោះអាសន្នពីដំបូង ប្រព័ន្ធតាមដាន និងអង្កេតជំងឺ កំណត់យ៉ាងរហ័សរោគវិនិច្ឆ័យករណីជំងឺ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងបង្កើនការប្រុងប្រយ័ត្ន និងផ្តល់ការ អប់រំណែនាំដល់សាធារណជនត្រៀមលក្ខណៈសម្រាប់ការឆ្លើយតប និងការស្តារឡើងវិញក្រោយពេលគ្រោះមហន្តរាយ
៤-កសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ឱ្យមានភាពធន់នឹងអាកាសធាតុប្រែប្រួល ដើម្បីកាត់បន្ថយជាអប្បបរិមាទុកជាមុន នូវផលប៉ះពាល់ពីគ្រោះមហន្តរាយ ឬគ្រោះអាសន្នសុខភាព
៥-ពង្រឹងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការរៀបចំផែនការត្រៀម និងការឆ្លើយតបពហុវិស័យដែលមានក្ខណៈសម្របសម្រួល ចំពោះការគម្រាមកំហែង សុខភាពសាធារធាណៈ និងគ្រោះអាសន្នសុខភាព។
ក្រសួងសុខាភិបាល សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំផែនការសកម្មភាពជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់សុខភាពសាធារណៈ ដោយមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេសមកពី ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាយកដ្ឋានពាក់ព័ន្ធ សាកលវិទ្យាល័យវិទ្យាសាស្តសុខាភិបាល វិទ្យាស្ថានសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិ នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ដូចជាអង្គការសុខភាពពិភពលោក(WHO), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិJFPR, Jica សរុបចំនួន ៥០រូប។