រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦។
នាឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ដ៏មានសារៈសំខាន់នោះ លោកជំទាវ ពុំ ចន្ទីនី បានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងអំណរគុណជាអនេក គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់សារដ៏មានអត្ថន័យ និងផ្តល់អនុសាសន៍សំខាន់ៗ ជូនចំពោះបងប្អូន ជនរួមជាតិទាំងអស់ និងបានផ្តល់កិត្តិយសចាត់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមផ្ទាល់ក្នុងអង្គពិធី។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា «យើងទាំងអស់គ្នាមានក្តីប្រាថ្នាដូចគ្នាគឺ ស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការរក្សាបាននូវ ស្ថិរភាព ភាពត្រឹមត្រូវ ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់មាតា ទារក កុមារ និងយុវវ័យកម្ពុជា។» ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា «តាមវេជ្ជសាស្រ្ត ទារកនឹងមានក្តីប្រាថ្នាកើតមកតាមបែបធម្មជាតិ ដែលនឹងទទួលបានការថែទាំសុខភាពពេញលេញ ក្នុងពេលសម្រាលមួយដ៏លំបាក ហើយទារកទទួលក៏បានសំណាង ដោយនៅពេលកើតមក បានកើយលើទ្រូងម្តាយ និងទទួលទឹកដោះដំបូង ដែលនេះជាការរស់រានដ៏ល្អប្រពៃមួយសម្រាប់អនាគតគាត់ ក៏ដូចជាអនាគតគ្រួសារ និងសង្គមជាតិទាំងមូល»។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តល់ជាអនុសាសន៍គន្លឹះ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាល ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដូចខាងក្រោម៖
១) ត្រូវធ្វើការពិនិត្យ ពិភាក្សា ធ្វើបច្ចុប្បន្នភាពលើពិធីសារជាតិសម្រាប់ការពិនិត្យថែទាំផ្ទៃពោះមុនសម្រាល ដោយបញ្ជាក់អំពីសកម្មភាពដែលត្រូវធ្វើ និងចំនួនដងនៃការពិនិត្យ ផ្អែកតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។
២) ត្រូវជួយគាំទ្រការពិនិត្យ ថែទាំ ព្យាបាលស្ត្រីមានផ្ទៃពោះ ជាអន្តរាគមន៍ចាំបាច់ អនុវត្តបន្តជាប់មិនដាច់ ចាប់ពីពេលមានផ្ទៃពោះ ដល់ពេលសម្រាល និងបន្តរហូតដល់ពេលក្រោយសម្រាល ដើម្បីសុខភាពមាតា និងទារក។
៣) បន្តធ្វើការបណ្តុះបណ្តាលដល់មន្ត្រីបុគ្គលិកសុខាភិបាល ដែលជាអ្នកផ្តល់សេវាអំពីការពិនិត្យថែទាំផ្ទៃពោះ មុនសម្រាលដែលមានគុណភាព ប្រសិទ្ធភាព និងពិសេសការបង្វឹកអំពីការអប់រំ ពន្យល់ ពិគ្រោះយោបល់ជាមួយស្ត្រីមានផ្ទៃពោះ និងគ្រួសារឱ្យយល់ពីសារៈសំខាន់នៃការពិនិត្យផ្ទៃពោះ ភាពចាំបាច់នៃការមកពិនិត្យឱ្យត្រូវតាមពេលកំណត់ និងការត្រៀមជាមុន បង្ការហានិភ័យ។
៤) អង្គភាពពាក់ព័ន្ធ បង្កើតសារអប់រំអំពីភាពចាំបាច់ នៃការពិនិត្យថែទាំផ្ទៃពោះត្រូវតាមពេលវេលាកំណត់ ហើយដែលមានខ្លឹមសារងាយយល់ ងាយចាំ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។
៥) ពង្រឹងកិច្ចសហការយ៉ាងរឹងមាំគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយសម្រួលឱ្យគ្រប់ស្ត្រីទាំងអស់បានមកពិនិត្យផ្ទៃពោះ និងសម្រាលនៅមូលដ្ឋានសុខាភិបាល។
៦) នៅមន្ទីរពេទ្យឯកជន ត្រូវមានផ្នែកសង្រ្គោះបន្ទាន់ និងមានសមត្ថភាព ក្នុងការជួយសង្រ្គោះទារក ទើបនឹងកើត ដែលមិនប្រក្រតី។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាលោកស្រីតំណាង UNFPA តំណាងអង្គការដៃគូអភិវឌ្ឍន៍សុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍសុខាភិបាល ក្មួយៗនិស្សិត និងតាមប្រព័ន្ធ Zoom រួមមានមន្ទីរពេទ្យខេត្ត ស្រុក មណ្ឌលសុខភាព និងឆ្មប គណៈកម្មការត្រួតពិនិត្យមរណភាព និងទារក ជុំវិញកំណើត និងការឆ្លើយតប និងឆ្មបនៃសេវាឯកជន សរុបចំនួន ប្រមាណជាង ៣០០០នាក់។