រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ (គ.ថ.ព.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងចុងក្រោយ នៃសេចក្តីណែនាំប្រតិបត្តិ សម្រាប់អភិវឌ្ឍមន្ទីរពេទ្យថ្នាក់តំបន់ និងមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត នៅសណ្ឋាគារកាំបូឌីយ៉ាណា។
សិក្ខាសាលាពិគ្រោះយោបល់រយៈពេល ១ ថ្ងៃនេះ មានគោលបំណងដូចខាងក្រោម៖
១. ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ លើសេចក្តីព្រាងចុងក្រោយ នៃសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកស្តីពីសំណុំសកម្មភាពបង្រ្គប់សម្រាប់អភិវឌ្ឍមន្ទីរពេទ្យថ្នាក់តំបន់ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ដើម្បីធានាថាឯកសារនេះមានសង្គតិភាពជាមួយនឹងគោលនយោបាយពាក់ព័ន្ធនានា និងមានលក្ខណៈសមស្របសម្រាប់ការអនុវត្តជាក់ស្តែង
២. ផ្តល់ការណែនាំជូនដល់សិក្ខាកាមអំពីជំហានបន្ទាប់ និងផែនការក្នុងការអនុវត្តសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកទាំងនេះ នៅតាមមន្ទីរពេទ្យសាធារណៈ ថ្នាក់តំបន់ និងថ្នាក់មន្ទីរពេទ្យបង្អែករាជធានី ខេត្ត។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ស្រុក និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ១២០រូប។