Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង ការកែលម្អ គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ
ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៦

រសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង ការកែលម្អគុណភាព នៃការថែទាំ និងសុវត្ថិភាពអ្នកជំងឺ សម្រាប់គិលានុបដ្ឋាក និងឆ្មប នៅមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត តាមរយៈប្រព័ន្ធនិម្មិត Zoom។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖

១. បណ្តះបណ្តាល SBAR ដល់គិលានុបដ្ឋាក និងឆ្មប ដើម្បីពង្រឹង និងជម្រុញការថែទាំឲ្យកាន់តែប្រសើរ

២. ពង្រឹងសមត្ថភាពបច្ចេកទេសនៃការថែទាំទៅតាមលក្ខណៈវិទ្យាសាស្ត្រ និងចំគោលដៅ

៣. ពង្រឹងគុណភាព ចំណេះដឹងដល់ប្រធានថែទាំនៅតាមមន្ទីរពេទ្យទូទាំងប្រទេស ដើម្បីសុវត្ថិភាពអ្នកជំងឺ

៤. ចំណុចអាទិភាពសំខាន់ៗ នៃការថែទាំដែលនឹងត្រូវអនុវត្តជាបន្តក្នុងវិស័យសុខាភិបាល  ស្របតាមគោលនយោបាយថែទាំរបស់ក្រសួងសុខាភិបាល និងគោលនយោបាយរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវសាស្ត្រាចារ្យបានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖ 

១) មន្ទីរពេទ្យទាំងអស់ត្រូវអនុវត្តការផ្ទេរព័ត៌មានតាមរយៈ SBAR (២) ប្រធានថែទាំត្រូវជ្រើសរើសមន្រ្តីបង្គោលតាមដានការអនុវត្ត SBAR (៣) រៀបចំរូបភាព SBAR បិទតាមកន្លែងថែទាំជំងឺ (៤) ការធ្វើ M&E ជាប្រចាំខែ ប្រចាំត្រីមាស លើ SBAR។

លោកជំទាវសាស្ត្រាចារ្យក៏បានផ្តាំផ្ញើរដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ លើចំណុចសំខាន់ៗនៃមេរៀន ដែលសុទ្ធសឹងតែមានសារៈប្រយោជន៍ ជួយដល់ការអភិវឌ្ឍវិស័យសុខាភិបាល។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានថែទាំ និងមន្ត្រីរាជការ នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ស្រុក ដែលមានវេជ្ជបណ្ឌិត ៤៧រូប គិលានុបដ្ឋាក ៣៥៨រូប និងឆ្មប ១៤៤រូប សរុបចំនួន ៥៤៩រូប។

Image 1
Image 2
Image 3
Image 4
Image 5