រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ សល្យសាស្ត្រ សម្ភព និងសណ្តំ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីភាពជាអ្នកដឹកនាំផ្អែកលើទិន្នន័យ Data-Centered Leadership (DCL) Training ដែលរៀបចំឡើងដោយក្រសួងសុខាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសអង្គការ Vital Strategies ក្នុងគោលបំណងពង្រឹងសមត្ថភាពដឹកនាំ និងការគ្រប់គ្រង របស់មន្ត្រីសុខាភិបាល តាមរយៈការប្រើប្រាស់ទិន្នន័យ និងភស្តុតាងវិទ្យាសាស្ត្រ។
ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថា កម្មវិធី DCL ជាវិធីសាស្ត្រសិក្សាតាមរយៈការអនុវត្ត (Learning by Doing) ដែលផ្តោតលើការកែលម្អវប្បធម៌ប្រើប្រាស់ទិន្នន័យ និងការគាំទ្រការទទួលបានសេចក្តីសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅតាមមន្ទីរពេទ្យជាតិចំនួន១១ និងទៅពេលខាងមុខពង្រីកដល់មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យស្រុក ដែលមានសេវាសល្យសាស្ត្រ សម្ភព និងសណ្តំ (SOA)។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកទឹកចិត្តឲ្យអ្នកចូលរួម ប្រើប្រាស់ឱកាសនេះ ដើម្បីអភិវឌ្ឍសមត្ថភាពវិភាគ និងគ្រប់គ្រងទិន្នន័យ ឱ្យបានប្រសើរឡើង ក្នុងគោលដៅលើកកម្ពស់គុណភាព សុវត្ថិភាព និងសមធម៌ នៃសេវាសុខាភិបាល ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងគោលដៅគ្របដណ្តប់សុខភាពជាសកល (UHC)។