Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «សុពលភាពរបកគំហើញនៃផែនការយុទ្ធសាស្រ្តសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២១–២០២៥ និងទិសដៅជាអាទិភាពសម្រាប់ឆ្នាំ ២០២៦–២០៣០»
ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វេ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «សុពលភាពរបកគំហើញនៃផែនការយុទ្ធសាស្រ្តសម្រាប់​កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២១–២០២៥ និងទិសដៅជាអាទិភាពសម្រាប់ឆ្នាំ ២០២៦–២០៣០»។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង៖

១) ធ្វើឱ្យមានសុពលភាពលើសមិទ្ធផលសំខាន់ៗ ការខ្វះចន្លោះ និងបញ្ហាប្រឈម ដែលបានកំណត់ក្នុងការសំយោគនៃការពិនិត្យឡើងវិញការអនុវត្តផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២១–២០២៥

២) វាយតម្លៃផលប៉ះពាល់ នៃការអនុវត្តកម្មវិធី ទាក់ទងនឹងប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និរន្តភាព និងភាពធន់របស់ប្រព័ន្ធសុខាភិបាល

៣) កំណត់អាទិភាពជាយុទ្ធសាស្រ្ត និងការកែសម្រួលសំខាន់ៗប្រកបដោយនវានុវត្តន៍ សម្រាប់រៀបចំផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២៦–២០៣០

៤) ធានាភាពស៊ីសង្វាក់គ្នាជាមួយផែនការយុទ្ធសាស្រ្តក្រសួងសុខាភិបាលដំណាក់កាលទី៤ ២០២៥- ២០៣៤ ផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤-២០៣៥ ការធ្វើសមារណកម្មសេវាអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល (MPA, CPA) និងភាពជាម្ចាស់ក្នុងការដឹកនាំ គ្រប់គ្រង សម្របសម្រួលការងារបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ 

លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីសមិទ្ធផលសំខាន់ៗ នៃកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ព្រមទាំងភាពខ្លាំង និងលទ្ធផលសម្រេចបានក្រោមផែនការយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២១–២០២៥  (NSP 2021–2025)។ លោកជំទាវក៏បានលើកឡើងអំពីការគាំទ្រយ៉ាងខ្ពស់ ពីរាជរដ្ឋាភិបាល និងកិច្ចសហការជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ និងជំរុញឱ្យអង្គសិក្ខាសាលាចូលរួមផ្តល់នូវធាតុចូល និងពិភាក្សាឱ្យយ៉ាងស៊ីជម្រៅ ដើម្បីធានាថា ផែនការយុទ្ធសាស្រ្តថ្មីនេះ មានភាពបត់បែន សមស្របនឹងបរិបទបច្ចុប្បន្ន និងអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាពក្នុងអនាគត។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជារិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្ត​ម ឈួន សំរឹទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមវេជ្ជ. ម៉ៅ តាន់អ៊ាង ឯកឧត្តមវេជ្ជ. ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំងតំណាងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល MoH-LIT  កាកបាទក្រហមកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ប្រធានមន្ទីរសុខាភិបាល ប្រធានកម្មវិធីអេដស៍និងកាមរោគរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល តំណាងសហគមន៍ ព្រមទាំងមន្ត្រីនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សរុបចំនួន ១៣៩រូប និងចូលរួមតាមប្រព័ន្ធអនឡាញ (Zoom Meeting) ចំនួន ៦១រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15