ព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គ
បណ្តុះបណ្តាលស្តីពី ការថែទាំដោយផ្តោតលើអ្នកជំងឺ (Patient-Centered-Care) តាមរយៈ ប្រព័ន្ធនិម្មិត Zoom។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺផ្តល់ឱ្យគិលានុបដ្ឋាក និងឆ្មប នូវចំណេះដឹងថ្មីៗចំនួន ៤ម៉ូឌុល រួមមាន៖(១) ការយល់ដឹងពីទ្រឹស្តី និងទស្សនៈនៃការថែទាំដោយផ្តោតលើអ្នកជំងឺ (២)សមាសភាពស្នូលក្នុងការអនុវត្ត (៣)ការស្វែងយល់ពីតម្រូវការរបស់អ្នកជំងឺទាំងមូល និង(៤)ការថែទាំក្នុងស្ថានភាពមានវិបត្តិ។
ក្នុងឱកាសនោះលោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដល់សិក្ខាកាមដូចតទៅ៖
-ពង្រឹងការប្រាស្រ័យទាក់ទង និងក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការថែទាំអ្នកជំងឺត្រូវស្តាប់អ្នកជំងឺដោយយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្ន ដោយមានប្រសិទ្ធភាព និងត្រូវឆ្លើយតបទៅអ្នកជំងឺនូវអ្វីដែលគាត់ចង់បាន។
-ការផ្ទេរព័ត៌មានរវាងគ្នា និងគ្នាត្រូវអនុវត្តមានគម្រូ SABR Communication
-ការយកចិត្តទុកដាក់លើអ្នកជំងឺដោយផ្តោតលើការព្រួយបារម្មណ៍ ការគោរពឱ្យគុណតម្លៃ និងជំនឿរបស់អ្នកជំងឺ
-ពង្រឹងកិច្ចសហការណ៍ និងភាពជាដៃគូដោយរាប់បញ្ជូលសមាជិកគ្រួសាររបស់អ្នកជំងឺក្នុងការទទួល និងផ្តល់ព័ត៌មាន ដើម្បីឱ្យការអនុវត្តការថែទាំប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ជូនថា វគ្គបណ្តុះបណ្តាលនេះធ្វើបទបង្ហាញដោយ លោក ជា សុភក្រ្តមុន្នីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកកម្ពុជា និងមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន មន្ទីរពេទ្យ ប្រធាន អនុប្រធានថែទាំ គិលានុបដ្ឋាក និងឆ្មប នៅមន្ទីរពេទ្យជាតិ ខេត្ត និងស្រុក សរុបចំនួន ១៩២៣រូប គិលានុបដ្ឋាក ១៣៤១រូប និងឆ្មប ៥៧៣រូប។