ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅសាលាបឋមសិក្សាប្រសាទជាងទង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានផ្តល់ឲ្យកុមារមានលទ្ធភាពទទួលទានអាហារ ដែលមានសុវត្ថិភាព មានចម្រុះភាព និងមានអាហារូបត្ថម្ភដែលអាចរកបានពីកសិករនៅមូលដ្ឋាន និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
កម្មវិធីផ្តល់អាហារតាមសាលារៀន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ការកាត់បន្ថយគម្លាតសិក្សារវាងសិស្សនៅទីប្រជុំជន និងជនបទ ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ការពង្រឹងបំណិនផ្នែកសង្គមរបស់សិស្ស ការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ខណៈកម្មវិធីផ្ដល់អាហារនេះ កំពុងធ្វើឡើងនៅក្នុងសាលាជាង ១ពាន់ទូទាំងប្រទេស និងមានសិស្សជាង ៣០ម៉ឺននាក់កំពុងទទួលផល។
នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីជំនួយសង្គម ដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីពហុវិស័យ ដែលបានផ្សារភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ ។
កម្មវិធីនេះ មានការទស្សនាផ្ទាំងរូបភាពរបាយការណ៍សមិទ្ធផល កន្លែងសិស្សហូបអាហារ ឃ្លាំងដាក់ស្បៀង ផ្ទះបាយ បន្ទប់សុខភាពសិក្សា បន្ទប់សិក្សា សួនបន្លែ ព្រមទាំង ការតាំងពិព័រណ៍ស្នាដៃហត្ថកម្មរបស់សិស្ស និងសមិទ្ធផលនានា។