រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមកាងារសុខាភិបាល បានអញ្ជើញចូលរួម ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ "រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ" ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
គោលបំណងនៃការប្រារព្ធទិវាជាតិនេះ គឺដើម្បីជាយុទ្ធនាការផ្សព្វផ្សាយដ៏ធំមួយអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងការពារប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលបាន និងកំពុងស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យរស់នៅប្រកបដោយសុវត្ថិភាព ភាពរីករាយ កក់ក្តៅ និងគ្មានការបារម្ភ ពីអំពីការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងជាការបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការប្រយុទ្ធប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋពាក់ព័ន្ធដ៏ទៃទៀត ដើម្បីកម្ពុជាមានសុវត្ថិភាព ភាពរីករាយ និងអភិវឌ្ឍន៍ ក្រោមដំបូលនៃសន្តិភាព។
កម្មវិធីនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមពី មន្រ្តីសង្ឃ តំណាងសាសនា នានា នៅកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន អភិបាល អភិបាលរង រាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ស្ថានតំណាងប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូសិស្ស និងនិស្សិត សរុបចំនួន ៣៤៥០ អង្គ/នាក់។