Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សា ស្តីពីលទ្ធផលសិក្ខាសាលា អំពីសុពលភាពរបកគំហើញនៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២១–២០២៥ និងទិសដៅជាអាទិភាពសម្រាប់ឆ្នាំ២០២៦–២០៣០
ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាជាមួយ លោកស្រីវេជ្ជ Khin Zarlie Aye ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីធ្វើការបង្ហាញជូនសង្ខេបចំនុចសំខាន់ៗ ស្តីពីលទ្ធផលការពិនិត្យឡើងវិញ នៃការអនុវត្តកម្មវិធីអេដស៍ និងអាទិភាពសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តបង្ការ ថែទាំ និងព្យាបាលរយៈពេល ឆ្នាំ២០២៦-២០៣០ ។ 

ជំនួបពិភាក្សានេះ បានផ្តោតលើចំនុចសំខាន់ៗ ដូចខាងក្រោម៖

-ការទទួលបានជោគជ័យ នៃការឆ្លើយតបនឹងមេរោគអេដស៍ ដោយសម្រេចបាន ៩២ ១០០ ៩៨ ធៀបនឹងគោលដៅ ៩៥ ៩៥ ៩៥ 

-អត្រាគ្របដណ្តប់លើសេវាបង្ការបាន ៩៣% នៃក្រុមប្រជាជនគន្លឹះ ហើយក្រុមប្រជាជនគន្លឹះទទួលបានសេវាបង្ការកើនឡើងពី ៥០% នៅឆ្នាំ ២០២១ ដល់ ៩៥% នៅឆ្នាំ ២០២៥

-អត្រាឆ្លងថ្មីនៃមេរោគអេដស៍បានថយចុះ ៤៥% គិតចាប់ពីឆ្នាំ ២០១០

-យុទ្ធសាស្ត្រផ្តោតលើការដោះស្រាយបញ្ហារើសអើង និងម៉ាក់ងាយក្នុងការទទួលបានសេវាថែទាំ និងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងកិច្ចសហការជាមួយសេវាឯកជន

-ប្រព័ន្ធព័ត៌មានសុខាភិបាល ធានាឱ្យការផ្សាភ្ជាប់គ្នាជាមួយព៌ត៌មានសេវាថែទាំ និងព្យាបាលជំងឺអេដស៍ 

-ការកៀរគរធនធាន ដើម្បីគាំទ្រនិរន្តភាព នៃកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ នៅកម្ពុជា។  

លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍បន្ថែមមួយចំនួនទៀត រួមមាន៖ ១)ត្រូវពិចារណាលើការធ្វើសហរណកម្មសេវាបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ទៅក្នុងសេវាសុខាភិបាល (PHC, MPA, CPA) និង ២)ត្រូវធ្វើ Costing ផែនការយុទ្ធសាស្ត្របង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ ឆ្នាំ ២០២៦-២០៣០ ។ 

កិច្ចពិភាក្សា មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេសទេសសុខាភិបាល លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំង លោកវេជ្ជ Ben Zinner ប្រធានអង្គការ CHAI ជាមួយសហការី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10