ខេត្តបាត់ដំបង៖ ថ្ងៃទី២៥ និងទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការ និងឯកឧត្តម ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល រួមជាមួយ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះអភិបាល គាំទ្រនិងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងចំណុចកែលម្អបន្ថែមនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។
ការចុះអភិបាល គឺធ្វើឡើងក្នុងគោលបំណងជួយគាំទ្រ ទៅលើផែនការសម្មភាព ដំណើរការនៃការបម្រើសេវាសុខាភិបាលរបស់មន្ទីរពេទ្យ និងជួយរៀបចំលំហូរអ្នកជំងឺ ជាពិសេសផ្នែកបដិសណ្ធារកិច្ច និង មគ្គុទេស ពិគ្រោះជំងឺក្រៅ ផ្នែកចុះឈ្មោះ និងកន្លែងបង់ប្រាក់។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ដល់មន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយពង្រាយបុគ្គលិកគ្រប់ផ្នែក មានក្រមសីលធម៌ល្អ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងបានចូលរួមដោះស្រាយបញ្ហាមួយចំនួន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់នូវការណែនាំ សំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែម៖
- ពិនិត្យ និងពង្រឹងសមត្ថភាពផ្អែកសង្រ្គោះបន្ទាន់ ផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្ត្រ ដែលជាចំនុចសំខាន់ក្នុងការពង្រឹង គោលបំណង ធ្វើឱ្យផ្នែកទាំងបួននេះ ផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងជាទីទុក្ខចិត្តជូនដល់ប្រជាពលរដ្ឋ
- ការរៀបចំឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តផ្សេងៗ ឱ្យមានភាពត្រឹមត្រូវ។
ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិក មន្រ្តីរាជការទាំងអស់ ដែលបាន និងកំពុងខិតខំប្រឹងប្រែងបំពេញការងារ តាមតួនាទីបានយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល និងធានាបាននូវវឌ្ឍនភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។