រសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ឧស្យានសំកុះសែនជ័យ (ក្រពើពី) ដែលមានការអមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពិនិត្យនូវការបម្រើសេវា របស់មន្រ្តីសុខាភិបាល លើការថែរក្សា បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ការថែរក្សាទុកវ៉ាក់សាំង ឱសថ និងបរិក្ខារពេទ្យ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ ដល់មន្រ្តីសុខាភិបាល ដែលបានខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ទោះបីជានៅតំបន់ដាច់ស្រយាលយ៉ាងណា។ សារដ្ឋមន្រ្តីសុខាភិបាល «ទោះក្នុងស្ថានភាពណា អាវសគ្រូពេទ្យនៅតែពាក់ បំពេញភារកិច្ចចំពោះមុខ មិនរាថយ នឹងនរ រឹងមាំ ប្រកបដោយស្មារតី និងឆន្ទៈខ្ពស់»។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្ចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានខិតខំយកចិត្តទុកខ្ពស់ ក្នុងការចូលរួមយ៉ាងសកម្មលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងផ្តល់អាទិភាពលើវិស័យសុខាភិបាល។