រាជធានីភ្នំពេញ៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងលោក ស្រ៊ាង កុសល អនុប្រធាននាយកដ្ឋានសុខាភិបាលឌីជីថល បានអញ្ជើញចូលរួម កិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត ២០២៥-២០៣៥ ដឹកនាំដោយ ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលដៅប្រមូលផ្តុំធាតុចូល និងមតិយោបល់ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតនេះ មានភាពគ្រប់ជ្រុងជ្រោយ មានលក្ខណៈអន្តរវិស័យ និងអាចឆ្លើយតបទៅនឹងបរិបទ នៃការអភិវឌ្ឍជាក់ស្តែងរបស់កម្ពុជា។
ការចូលរួមរបស់វិស័យសុខាភិបាល ក្នុងយុទ្ធសាស្ត្រនេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយឈរលើទស្សនៈទានថា «ទីក្រុងឆ្លាតវៃពិតប្រាកដ មិនអាចខ្វះបានឡើយនូវប្រព័ន្ធសុខាភិបាលឆ្លាតវៃ និងរឹងមាំ»។ ការធ្វើសមាហរណកម្មប្រព័ន្ធសុខាភិបាលឌីជីថល សន្តិសុខសុខភាពសាធារណៈ និងប្រព័ន្ធសង្គ្រោះបន្ទាន់ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាត គឺជាកត្តាស្នូលក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលប្រកបដោយសមធម៌។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ព្រមទាំងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ៨០រូប។