រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទស្ដីពី បច្ចុប្បន្នភាពរបស់សមាគមឆ្មបកម្ពុជាលើកទី៤ ក្រោមប្រធានបទ «រួមគ្នាថែទាំសុខភាពមាតា និងទារកជុំវិញកំណើត» នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានថ្លែងនូវការកោតសរសើរ និងអរគុណដល់ឆ្មបកម្ពុជាទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាង រួមទាំសុខភាពផ្ទាល់ខ្លួននិងគ្រួសារ ដើម្បីបំពេញកាតព្វកិច្ចពុះពារការលំបាកផ្តល់សេវានៅទីទួលសុវត្ថិភាពក្នុងពេលសង្គ្រាមផង និងបន្តរក្សាបានការថែទាំសុខភាពជូនស្ត្រីនិងកុមារនៅមូលដ្ឋានសុខាភិបាលឲ្យមានដំណើរការល្អជាប្រចាំផង។
នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍ថា សន្និសិទស្តីពីបច្ចុប្បន្នភាពរបស់សមាគមឆ្មបកម្ពុជាលើកទី៤ ក្រោមប្រធានបទ «រួមគ្នាថែទាំសុខភាពមាតានិងទារកជុំវិញកំណើត» ដែលបានប្រារព្វឡើងនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យសុខាភិបាល ពិសេសសម្រាប់អ្នកប្រកបវិជ្ជាជីវៈឆ្មប ដើម្បីបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តទាំងអស់គ្នាក្នុងការជម្រុញគុណភាពនៃការផ្តល់សេវាថែទាំសុខភាពមាតានិងទារកឲ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍ដូចខាងក្រោម៖
១. ពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់អ្នកបម្រើសេវាសុខភាព ក្នុងការថែទាំ និងគ្រប់គ្រងសុខភាពមាតា និងទារកជុំវិញកំណើតឱ្យកាន់តែប្រសើរឡើង
២. ចូលរួមកាត់បន្ថយអត្រាមរណភាព និងបង្ការផលវិបាកនានាដែលអាចកើតមានឡើងចំពោះមាតា និងទារក ដោយកំណត់រកឲ្យឃើញនូវកត្តាប្រឈមដែលមាននៅពេលស្ត្រីមកពិនិត្យតាមដានសុខភាព
៣. ចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ សំដៅធានាឱ្យការអនុវត្តការថែទាំកាន់តែមានប្រសិទ្ធភាព និងគុណភាព ដោយពង្រឹងបន្ថែមនូវចំណេះដឹង និងជំនាញជាមួយនិងការអភិវឌ្ឍន៍វិជ្ជាជីវៈជាប់ជាបន្ត
៤. ចូលរួមផ្សព្វផ្សាយអំពីការអនុវត្តច្បាប់បទបញ្ញត្តិសម្រាប់អ្នកប្រកបវិជ្ជាជីវៈឆ្មប និងការកសាងវប្បធម៌ការងារបែប «មិនស្តីបន្ទោស» និងសុវត្ថិភាពអ្នកជំងឺ
៥. ពង្រឹងបន្ថែមនូវស្មារតីធ្វើការងារជាក្រុម និងបង្កើតបណ្តាញសហការរវាងសមាជិកនិងដៃគូពាក់ព័ន្ធ។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញ និងលើកទឹកចិត្តដល់ឆ្មបទាំងអស់ដែលកំពុងប្រកបវិជ្ជាជីវៈឆ្មប សូមរួសរាន់ចុះបញ្ជិកាឲ្យបានគ្រប់ៗគ្នា និងបន្តសុពលភាពអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈឲ្យបាន១០០%។
សូមជម្រាបផងដែរថា សន្និសីទមានការចូលរួមពី លោកជំទាវសាស្ត្រាចារ្យ ទុង រដ្ឋាវី ទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យា អនុប្រធាននាយកដ្ឋានសេវាសុខភាព គណៈឆ្មបកម្ពុជា សមាគមឆ្មបកម្ពុជា សមាគមគិលានុបដ្ឋាក តំណាងគណ:កម្មាធិការចម្រុះអន្តរជាតិនៅកម្ពុជា អតីតប្រធានសមាគមឆ្មប និងសមាជិកាសមាគមឆ្មបមកពីគ្រប់សាខាទាំង ២៥ រាជធានី ខេត្ត និងពីសាខានៅតាមមន្ទីរពេទ្យជាតិ សរុបចំនួន ៣៥០នាក់ ចូលរួមដោយផ្ទាល់ និង ១០០០នាក់ចូលរួមតាមប្រព័ន្ធនិម្មិត។