ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះអភិបាលគាំទ្រ និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងចំណុចកែលម្អបន្ថែមនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ការចុះអភិបាល គឺធ្វើឡើងក្នុងគោលបំណងជួយគាំទ្រ ទៅលើផែនការសម្មភាព ដំណើរការនៃការបម្រើសេវាសុខាភិបាលរបស់មន្ទីរពេទ្យ និងជួយរៀបចំលំហូរអ្នកជំងឺ ជាពិសេសផ្នែកបដិសណ្ឋារកិច្ច និងមគ្គុទេសក៍ ពិគ្រោះជំងឺក្រៅ ផ្នែកចុះឈ្មោះ និងកន្លែងបង់ប្រាក់។
ឯកឧត្តមវេជ្ជបណ្ឌិត បានវាយតម្លៃខ្ពស់ដល់មន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល ដោយពង្រាយបុគ្គលិកគ្រប់ផ្នែក មានក្រមសីលធម៌ល្អ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងបានចូលរួមដោះស្រាយបញ្ហាមួយចំនួន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់នូវការណែនាំ សំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមដូចខាងក្រោម៖
- ពិនិត្យ និងពង្រឹងសមត្ថភាពផ្អែកសង្រ្គោះបន្ទាន់ ផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្ត្រ ដែលជាចំនុចសំខាន់ក្នុងការពង្រឹង គោលបំណង ធ្វើឱ្យផ្នែកទាំងបួននេះ ផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងជាទីទុក្ខចិត្តជូនដល់ប្រជាពលរដ្ឋ
- ការរៀបចំឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តផ្សេងៗ ឱ្យមានភាពត្រឹមត្រូវ។
ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានកោតសរសើរ ថ្លែងនូវការអរគុណដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិក មន្រ្តីរាជការទាំងអស់ និងមន្រ្តីពាក់ព័ន្ធ ដែលបាន និងកំពុងខិតខំប្រឹងប្រែងបំពេញការងារ តាមតួនាទីបានយ៉ាងសស្រាក់សស្រាំ ប្រកបដោយលទ្ធិផលគួរជាទីមោទនៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល ហើយទោះបីក្នុងកាលៈទេសៈណាក៏ដោយក៏គ្រូពេទ្យពាក់អាវស បំពេញភារកិច្ចចំពោះមុខមិនរាថយ នឹងនរ រឹងមាំប្រកបដោយស្មារតី និងឆន្ទៈខ្ពស់។