Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០២៦

ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ

——

ខេត្តសៀមរាប៖ ថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៉ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណ ផ្តល់ឱ្យវេជ្ជបណ្ឌិត និងគ្រូពេទ្យ នូវការជួយសង្គ្រោះអ្នកជំងឺ សង្គ្រោះបន្ទាន់គ្រប់កម្រិតក្នុងមន្ទីរពេទ្យក្តី លើរថយន្តគិលានសង្គ្រោះក្តី និងការបញ្ជូន ប្រកបដោយសុវត្ថិភាព និងភាពទទួលខុសត្រូវ។ 

ជាមួយគ្នានេះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួន និងមានការចែករំលែកបទពិសោធន៍ពីក្រុមគ្រូបង្គោលថ្នាក់ជាតិ ដែលមកពីផ្នែកសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យជាតិ ព្រមទាំងផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ ក្រោយពេលបញ្ជប់វគ្គបណ្តុះបណ្តាលនេះ ត្រលប់ទៅបំពេញការងារនៅតាមមន្ទីរពេទ្យរបស់ខ្លួនវិញ ខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើជាងមុន បង្កើតជា SOP សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ និងធ្វើការចែករំលែកនូវចំណេះដឹងថ្មីៗទាំងនេះទៅដល់បុគ្គលិកក្នុងមន្ទីរពេទ្យជាមួយគ្នា ក្នុងគោលបំណងជួយគ្នាក្នុងការបម្រើសេវាសង្គ្រោះបន្ទាន់នេះ ឱ្យកាន់តែមានប្រសិទ្ធភាព នៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ជាពិសេសត្រូវបំពេញភារកិច្ចក្នុងនាមជាបុគ្គលិកសុខាភិបាល ដែលមានក្រមសីលធម៍វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន១ថ្ងៃ អនុវត្តនៅលើម៉ានីកាំងរយៈពេល១ថ្ងៃ និងមានការអញ្ជើញចូលរួមពី នាយកដ្ឋានមន្ទីរពេទ្យ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប មន្ទីរពេទ្យខេត្តសៀមរាប ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប សិក្ខាកាមចូលរួមសរុបចំនួន ៨៦រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ក្នុងខេត្តពោធិ៍សាត់  កំពង់ឆ្នាំង កណ្តាល កំពង់ចាម តាកែវ កំពត កែប ព្រះសីហនុ កោះកុង និងខេត្តសៀមរាប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8