រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាជាតិ ស្តីពីអាហារូបត្ថម្ភ បានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ឆ្នាំ២០២៥-២០៣០ នៅសណ្ឋាគារ សាន់ & មូនរីវើសាយ ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។
ពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រនេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងចែករំលែកឲ្យកាន់តែទូលំទូលាយដល់ក្រសួង ស្ថាប័ន និងអ្នកអនុវត្តពាក់ព័ន្ធទាំងអស់បានយល់ច្បាស់ពីខ្លឹមសារ និងទិសដៅ ដើម្បីជំរុញឲ្យមានការចូលរួមកាន់តែសកម្មថែមទៀត ពីសំណាក់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងការរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភតាមរយៈការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ ព្រមទាំងជម្រុញការសហការពហុវិស័យក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសនេះមានអ្នកចូលរួមមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល សមាគមពាក់ព័ន្ធនឹងអាហារូបត្ថម្ភ និងសុខភាព តំណាងវិស័យឯកជន ពិសេសអ្នកផលិត និងអ្នកកែឆ្នៃផលិតផលអាហារ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។