រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» របស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ជាការរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃនៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព។
ក្រោយពីលោកស្រីវេជ្ជបណ្ឌិត ឆន សុធារី តំណាងនារី នៃមន្ទីរពេទ្យ បានជម្រាបជូន នូវរបាយការណ៍សង្ខេប ស្តីពីសកម្មភាពសំខាន់ៗ និងសមិទ្ធផលថ្មីៗ របស់នារីទាំងអស់ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព រួចមក អង្គពិធីក៏បានទទួលស្តាប់យ៉ាងយកចិត្តទុកដាក់ នូវព្រះរាជសារ សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលមានអត្ថន័យ និងខ្លឹមសារសំខាន់ៗ ដ៏វិសេសវិសាលបំផុត។
អង្គពិធីទាំងមូល ក៏បានរំលឹកដឹងគុណពីស្នាដៃដ៏ធំធេង ក្នុងការផ្តួចផ្តើមគំនិតកសាងមន្ទីរពេទ្យដ៏ស្កឹមស្កៃមួយនេះ របស់ សម្ដេចតេជោ និង សម្តេចគតិព្រឹត្តបណ្ឌិត និងបន្តដឹកនាំសម្ពោធដាក់ឱ្យដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត។
បន្ថែមលើនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកស្ត្រីជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ លោកជំទាវរដ្ឋលេខាធិការ ក៏បានធ្វើការណែរនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិក មន្ទីរពេទ្យទាំងអស់ សូមអនុវត្តការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយមិនរេីសអេីង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងមានគុណភាពខ្ពស់។ ជាចុងក្រោយ អង្គពិធី បានបញ្ចប់ក្រោមបរិយាកាស រីករាយ និងស្និទ្ធស្នាលក្រៃលែង។