Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia)
ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នៃក្រសួងសុខាភិបាល បានទទួលជួបប្រគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) ដឹកនាំដោយ លោក Noel Clehane អនុប្រធាន EU-ABC និងជាប្រធានផ្នែកនិយ័តកម្ម និងគោលនយោបាយសាធារណៈសកលរបស់ BDO អមដំណើរដោយប្រធាន តំណាងក្រុមហ៊ុន EU-ABC និងEuroCham ចំនួន ៣០រូប ដែលរួមមានតំណាងក្រុមហ៊ុនដូចជា៖ ក្រុមហ៊ុន FrieslandCampina, DANONE, PRUDENTIAL, DHL, The Coca-Cola Company, Pernod Ricard និង JT International។ 

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) ចំពោះកិច្ចសហការពីវិស័យឯកជនអឺរ៉ុប និងបានលើកទឹកចិត្តឱ្យមានការបន្តពិភាក្សាប្រកបដោយផ្លែផ្កា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងវិស័យឯកជន និងក្រសួងសុខាភិបាល ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

លោក Noel Clehane អនុប្រធាន EU-ABC និងជាប្រធានផ្នែកនិយ័តកម្ម និងគោលនយោបាយសាធារណៈសកលរបស់ BDO បានមានចំណាប់អាម្មណ៍ដោយវាយតម្លៃខ្ពស់លើវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់របស់វិស័យសុខាភិបាល តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ហើយលោកក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអឺរ៉ុបក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

កិច្ចប្រជុំនេះ បានបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់វិស័យឯកជនអឺរ៉ុបក្នុងការចូលរួមចំណែកគាំទ្រដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល។ តាមរយៈការលើកឡើងនូវសំណួរទាំឡាយពីដៃគូឯកជន និងការផ្តល់អនុសាសន៍ណែនាំ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការអោយបានកាន់តែរលូន ពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ និងសំណាក់ថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធ គណៈប្រតិភូទទួលបាននូវការយល់ដឹងកាន់តែច្បាស់អំពីទិសដៅគោលនយោបាយ និងឱកាសសម្រាប់ កិច្ចសហការបន្ត។ លើសពីនេះ កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ ការប្រើប្រាស់ភស្តុតាងក្នុងការតាក់តែងគោលនយោបាយអាហារូបត្ថម្ភ ការពង្រឹងកិច្ចសហប្រតិបត្តិការសាធារណៈ ឯកជន ការសម្រួលនីតិវិធីនាំចូល និងការចូលរួមប្រយុទ្ធប្រឆាំងនឹងផលិតផលខុសច្បាប់។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានថ្លែងអំណរគុណគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលបានបញ្ជាក់ជំហរបន្តរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14