សិក្ខាសាលាស្តីពី "ការស្រាវជ្រាវលើជំងឺផ្តាសាយបក្សីនៅកម្ពុជា ដោយប្រើវិធីសាស្ត្រសុខភាពតែមួយ៖ ផ្តើមពីកត្តាគំរាមកំហែង ប្រែក្លាយទៅជាការត្រៀមលក្ខណៈ"
រាជធានីភ្នំពេញ៖ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយនៅកម្ពុជា (IMCC-OH) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា ស្តីពី "ការស្រាវជ្រាវលើជំងឺផ្តាសាយបក្សីនៅកម្ពុជា ដោយប្រើវិធីសាស្ត្រសុខភាពតែមួយ៖ ផ្តើមពីកត្តាគំរាមកំហែង ប្រែក្លាយទៅជាការត្រៀមលក្ខណៈ" ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ លោកជំទាវ បានគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ និងប្រព្រឹត្តទៅចំពេលដែលប្រទេសកម្ពុជាកំពុងរៀបចំត្រៀមលក្ខណៈក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
សិក្ខាសាលានេះ មានគោលបំណង ដើម្បីពង្រឹងសមត្ថភាពត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺផ្តាសាយបក្សី A/H5N1 និងជំងឺឆ្លងថ្មីៗផ្សេងទៀត ពីសត្វមកមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការជំរុញកិច្ចសហការលើការស្រាវជ្រាវតាមបែប «សុខភាពតែមួយ (One Health)»។ គូសរំលេចថា សិក្ខាសាលានាថ្ងៃនេះ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីវិទ្យាសាស្ត្រផ្សេងៗទៀតជាច្រើន ដែលសាកលវិទ្យាល័យ គ្រោងប្រារព្ធរៀបចំឡើង ដើម្បីអបអរសាទរខួបទី ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំ១៩៤៦ ដល់ ឆ្នាំ២០២៦។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ជាធាតុចូលសំខាន់ៗ សំដៅបង្កើតនូវយន្តការរួមមួយដើម្បីរៀបចំផែនទីតម្រង់ទិសការងារស្រាវជ្រាវ កំណត់ចំណុចខ្វះខាតក្នុងការស្រាវជ្រាវ បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួតរវាងគ្រប់ភាគីពាក់ព័ន្ធ និងលើកកម្ពស់ការស្រាវជ្រាវ ព្រមទាំងផ្តល់ឱកាសស្រាវជ្រាវទាក់ទងនឹងជំងឺឆ្លង ជាពិសេសជំងឺផ្តាសាយបក្សី A/H5N1 ដល់អ្នកស្រាវជ្រាវវ័យក្មេង និងនិស្សិត។
សិក្ខាសលានេះ មានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ អញ្ជើញមកពីក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្ទីរពេទ្យគន្ធបុប្ផា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាង Wildlife Conservation Society (WCS), ភ្នាក់ងារបារាំង ANRS MIE, University Aix Marseilles, Institut de Recherche et Développement, Food and Agriculture Organization និងអង្គការសុខភាពពិភពលោក ដែលមានចំនួនសរុប ៣៥រូប។