រាជធានីភ្នំពេញ៖ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាព នៃការពង្រឹង និងបម្រើសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព ក្នុងរាជធានី-ខេត្តទាំង២៥។
គោលបំណងនៃកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាព នៃការពង្រឹង និងបម្រើសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព ព្រមទាំងផ្តល់អនុសាសន៍គន្លឹះ សម្រាប់កែលម្អនូវចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធានាបាននូវការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ។
ក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការបានផ្ដល់អនុសាសន៍សម្រាប់សកម្មភាពឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅ មូលដ្ឋានកម្រិតមណ្ឌលសុខភាព នឹងរៀបចំអនុវត្តផ្ដោតលើចំណុចដូចខាងក្រោមនេះ៖
១. បន្តប្រើប្រាស់ tool ដែលមានស្រាប់ ដើម្បីចុះពិនិត្យអភិបាលគាំទ្រដល់ មណ្ឌលសុខភាព
២. ពិនិត្យទៅលើហេដ្ឋារចនាសម្ព័ន្ធ របស់មណ្ឌលសុខភាព
៣. ពិនិត្យទៅលើបរិស្ថានទូទៅ៖ សួន អនាម័យ បរិវេណខាងក្នុង និងខាងក្រៅ
៤ ពិនិត្យទៅលើការថែទាំនូវសម្ភារ បរិក្ខារពេទ្យ
៥. ពិនិត្យទៅលើការរក្សាទុកនូវឱសថ វ៉ាក់សាំង ដើម្បីធានាបាននូវគុណភាព និងបរិមាណ គ្រប់គ្រាន់
៦. ធនធានមនុស្ស៖ ចំនួនបុគ្គលិក, វត្តមាន, សមត្ថភាព, ការបណ្តុះបណ្តាលបន្ត
៧. ពិនិត្យទៅលើសមត្ថភាពនៃការធ្វើទំនាក់ទំនង និងអាកប្បកិរិយាការងារ ឥរិយាបទបម្រើសេវា
៨. ពិនិត្យទៅលើសកម្មភាពការងារ៖ ការបម្រើសេវា ការផ្តល់ឱសថ ការប្រើប្រាស់ឯកសារ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងឧបករណ៍ផ្សេងៗទៀត
៩. ការពេញចិត្តរបស់អតិថិជន អ្នកជំងឺ និងក្រុមគ្រួសារដោយពិនិត្យទៅលើការប្រើប្រាស់QR code និងប្រអប់បញ្ចេញមតិ និង
១០. វឌ្ឍនភាពជារួម និងកត្តាប្រឈម ចំនុចខ្វៈខាត ដែលស្តែងចេញពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព និងក្រុមការងារពាក់ព័ន្ធ ដោយចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូសន្និសីទ(ZOOM)