រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរចនាសម្ព័ន្ធកម្មវិធី និងត្រួតពិនិត្យការអនុវត្តថវិកាសមិទ្ធកម្ម ដែលសហការរៀបចំដោយ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
គោលបំណង នៃអង្គសិក្ខាសាលា៖
- បញ្រ្ជាបការយល់ដឹងពីរចនាសម្ព័ន្ធកម្មវិធីកែសម្រួលថ្មី និងផែនការព័ត៌មានសមិទ្ធកម្ម ដើម្បីត្រៀមលក្ខណៈទុកជាមុនក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងថវិកាប្រចាំឆ្នាំ២០២៧
- សម្រួចការវិភាជថវិកាលើអាទិភាព និងចង្កោមសកម្មភាព
- ពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តថវិកាសមិទ្ធកម្មប្រចាំឆ្នាំ ២០២៥។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងអំពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០០៤ ដោយមានការផ្លាស់ប្តូរជាបណ្តើរៗ នៃប្រព័ន្ធថវិកា និងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈពី «ប្រព័ន្ធថវិកាដែលផែ្អកលើធាតុចូល និងមជ្ឈការ» ឆ្ពោះទៅ «ប្រព័ន្ធថវិកាដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និងវិមជ្ឈការ» ស្របតាមបទដ្ឋាន និងឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងបរិការណ៍ជាក់ស្តែងរបស់កម្ពុជា។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ លោកឱសថការី ហ៊ុន ហួង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល លោក តឹក សុភឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកវេជ្ជបណ្ឌិត លី វិជ្ជារ៉ាវុធ ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងឯកឧត្តម លោក លោកស្រី តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អង្គភាពថ្នាក់កណ្តាល និងមន្ទីរពេទ្យជាតិ នៃក្រសួងសុខាភិបាល ដែលមានចំនួនសរុប ៥៤រូប។