រាជធានីភ្នំពេញ៖ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីសុខាភិបាល នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួម វេទិកាស្តីពី បរិយាបន្ន សមភាព និងការមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងកម្ពុជា និងអូស្រ្តាលី ក្រោមអធិបតីភាព លោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង Ms. Carla Silbert តំណាងគណៈកម្មាធិការសិទ្ធិមនុស្សអូស្រ្តាលី (AHRC) នៅសណ្ឋាគារ សាន់ អែន មូន រីវើសាយ។
វេទិកានេះមានគោលបំណង៖
− បញ្ជ្រាបការយល់ដឹងអំពីតម្រូវការ និងអាទិភាពសហគមន៍ LGBT+ ការអនុវត្តល្អៗសម្រាប់ធានាសមភាព និងបរិយាបន្នចំពោះសហគមន៍ LGBT+ និងអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមនៃសមភាពជាក់ស្តែង
− ពង្រឹងការចែករំលែកចំណេះដឹងរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជម្រុញអនុសាសន៍ UPR ស្តីពីសមភាពចំពោះសហគមន៍ LGBT+ ដែលបានទទួលយកនៅឆ្នាំ ២០២៤
− លើកកម្ពស់ការប្តេជ្ញាចិត្តរបស់អ្នកចូលរួមក្នុងការតស៊ូមតិដើម្បីសមភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា LGBT+ និងវិធានការប្រឆាំងនឹងការរើសអើង។
វេទិកានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងព្រឹទ្ធសភា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន លោក លោកស្រី តំណាងទីភ្នាក់ងារ ស្ថានទូតអូស្រ្តាលី ស្ថានទូតនានាប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងលោក លោកស្រី តំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ១០០នាក់។