រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ និងជានាយកគម្រោងដែលទទួលហិរញ្ញប្បទានពី ADB រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីផ្នែកគ្រប់គ្រងគម្រោង បានជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូសំខាន់ៗរបស់ ADB ចំនួន ២ ក្រុម រួមមាន៖
១. ជំនួបជាមួយលោក អ៊ីស៊ូកេ តាជីម៉ា (Eisuke Tajima) នាយកផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម (SD3-HSD) ដែលទើបត្រូវបានតែងតាំងថ្មី ក្នុងកិច្ចប្រជុំនេះ លោក អ៊ីស៊ូកេ តាជីម៉ា បានបង្ហាញពីចក្ខុវិស័យរបស់ ADB ក្នុងការបន្តគាំទ្រវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងនាពេលអនាគត។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ADB និងបានពិភាក្សាលើសកម្មភាពអាទិភាពសម្រាប់គម្រោងទៅថ្ងៃមុខ ដែលផ្តោតលើ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល សុខភាពឌីជីថល និងការអភិវឌ្ឍធនធានមនុស្សផ្នែកសុខាភិបាល
២. ជំនួបជាមួយលោកស្រី ចូសេលីន អឺលីនដា (Jocelyn Erlinda) នាយកផ្នែកកិច្ចការពារសុវត្ថិភាពរបស់ ADB លោកស្រីបានជម្រាបជូនអំពីគោលបំណង និងលក្ខខណ្ឌតម្រូវសំខាន់ៗនៃ ស្តង់ដាបរិស្ថាន និងសង្គមរបស់ ADB ដែលទើបតែធ្វើបច្ចុប្បន្នភាពក្នុងខែមករា ឆ្នាំ២០២៦ នេះ។
ស្តង់ដាបរិស្ថាន និងសង្គមថ្មីនេះ នឹងត្រូវយកមកអនុវត្តក្នុងដំណាក់កាលរៀបចំ និងអនុវត្តសម្រាប់គម្រោងថ្មីចំនួន ២ របស់ក្រសួងសុខាភិបាល រួមមាន គម្រោងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដែលមានភាពធន់នៅកម្ពុជា និងគម្រោងសន្តិសុខសុខភាពជំហ៊ានទី២។
ក្រសួងសុខាភិបាលនឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ADB ដើម្បីធានាថាការអនុវត្តគម្រោងនានាមានប្រសិទ្ធភាព និងស្របតាមស្តង់ដាអន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។