ខេត្តកែប៖ ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះពង្រឹង គុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៅមន្ទីរពេទ្យបង្អែកខេត្តកែប។
ការចុះអភិបាល គឺធ្វើឡើងក្នុងគោលបំណងជួយគាំទ្រ លើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ ការរៀបចំឯកសារអ្នកជំងឺ ការរៀបចំឯកសារផ្សេងៗ របស់មន្ទីរពេទ្យ និងការប្រើប្រាស់ ថវិកាដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ បន្ថែមពីនេះ ក៏ត្រូវបន្តពង្រឹងសោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋាន របស់បុគ្គលិក និងការបម្រើសេវា លំហូរ ជំងឺនៅ កន្លែងចុះឈ្មោះ OPD និងនៅបញ្ជរបង់ប្រាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅក្នុងមន្ទីរពេទ្យផងដែរ។