Cambodia
ព័ត៌មានលំអិត

Image
ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង
ថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០២៦

ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវា នៅតាមមន្ទីរពេទ្យបង្អែកស្រុក ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីគាំទ្រដល់ការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

ការចុះពិនិត្យផ្ទាល់ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សា និងផ្តល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល រួមមាន៖ (១)រៀបចំផែនការអភិវឌ្ឍន៍មន្ទីរពេទ្យ (២)ពង្រឹងបច្ចេកទេសផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសង្គ្រោះទារក ផ្នែកមន្ទីរពិសោធន៍ (៣)យកចិត្តទុកដាក់បន្ថែមលើការបម្រើសេវាសុខភាពមាត់ធ្មេញ សុខភាពភ្នែក សុខភាពផ្លូវចិត្ត និងការព្យាបាលដោយចលនា (៤)ពង្រឹងការគ្រប់គ្រងឱសថ ឧបករណ៍ និងសម្ភារបរិក្ខារពេទ្យ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និង (៥)ពង្រឹងប្រព័ន្ធបញ្ជូនជំងឺតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពជូនអ្នកជំងឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងបន្តកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈឱ្យកាន់តែប្រសើរឡើងថែមទៀត។

បេសកកម្មនេះមានការចូលរួមពី លោក យិន សាវ៉េន អភិបាលរង នៃគណៈអភិបាលខេត្តកំពុងឆ្នាំង ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពុងឆ្នាំង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីពាក់ព័ន្ធ មកពីមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងមន្ទីរពេទ្យបង្អែកបរិបូណ៌។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10