Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយក្រុមហ៊ុន អាយ ធី អេស ស៊ី ឯ.ក (ITSC CO., LTD)
ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន អាយ ធី អេស ស៊ី ឯ.ក (ITSC CO., LTD) ដឹកនាំដោយលោក Paul Lee នាយកកម្មវិធី ACTIVE 2.0។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង សម្តែងការគួរសម និងពិភាក្សាការងារលើការគាំទ្រសហការជាមួយ ក្រសួងសុខាភិបាល ព្រមទាំងការជម្រាបអំពីគម្រោង ACTIVE 2.0 (បង្កើនការព្យាបាលជំងឺមហារីកមាត់ស្បូន និងការជាសះស្បើយរបស់អ្នកជំងឺនៅបណ្តាតំបន់អាស៊ីអាគ្នេយ៍)។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណ លោក Paul Lee ដែលមានបំណងចូលរួមគាំទ្រជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ជាពិសេសជំងឺមហារីកមាត់ស្បូន តាមរយៈគម្រោង ACTIVE 2.0។

លោក Paul Lee បានជម្រាបជូនអង្គប្រជុំអំពីគម្រោង ACTIVE 2.0 ដែលមានគោលបំណងអភិវឌ្ឍសមត្ថភាពព្យាបាលជំងឺមហារីកមាត់ស្បូន តាមរយៈបច្ចេកវិទ្យាវិទ្យុសកម្មទំនើប និងការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បុគ្គលិកសុខាភិបាល ដោយទទួលបានការគាំទ្រពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាសមាគមវិជ្ជាជីវៈ និងអង្គការមិនមែនរដ្ឋាភិបាល។ លោកនាយកកម្មវិធីបានបន្ថែមទៀតថា គម្រោងនេះនឹងរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពបច្ចេកវិទ្យាជាតិ ព្រមទាំងរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យកាន់តែទំនើប ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាទិសដៅបន្ត ឯកឧត្តមវេជ្ជបណ្ឌិត បានលើកទឹកចិត្ត និងស្នើឱ្យក្រុមការងារក្រុមហ៊ុន អាយ ធី អេស ស៊ី ឯ.ក បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅជាមួយក្រុមការងារនាយកដ្ឋានជំនាញ នៃក្រសួងសុខាភិបាល ដើម្បីឱ្យគម្រោង ACTIVE 2.0 នេះ ស្របគ្នាទៅនឹងស្ថានភាពបច្ចុប្បន្ន នៃការព្យាបាលជំងឺមហារីកមាត់ស្បូន នៅតាមមន្ទីរពេទ្យថ្នាក់ជាតិនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ការណែនាំដល់ក្រុមហ៊ុន ឱ្យរៀបចំសេចក្តីព្រាងគម្រោង និងផែនការលម្អិតរបស់គម្រោង រួចដាក់ស្នើសុំមកក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានជំនាញ ដើម្បីថ្នាក់ដឹកក្រសួងសុខាភិបាល ពិនិត្យ និងផ្ដល់យោបល់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9