រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋារគារ ហ្គាឌិនស៊ីធី ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធិផលឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ និងលើកទិសដៅផែនការប្រតិបត្តិឆ្នាំ២០២៦ របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
តាមរយៈរបាយការណ៍របស់មន្ទីរពេទ្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមសំដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើសេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព ប្រកបដោយសមភាព មិនមានការរើសអើង ដោយផ្តោតទៅលើសុវត្ថិភាពអ្នកជំងឺជាចម្បង «ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់មន្ត្រីសុខាភិបាល»។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំពោះវីរៈភាពអង់អាចក្លាហាន និងស្មារតីស្រឡាញ់ជាតិមាតុភូមិ ដែលមិនរាថយ សាមគ្គីភាពជាធ្លុងមួយ ក្នុងអំឡុងពេលមានជម្លោះនៅតាមបណ្តោយខេត្តជាប់ព្រំដែនកម្ពុជា ថៃ ជាពិសេសក្រុមគ្រូពេទ្យនៅសមរភូមិមុខ ក៏ដូចជានៅក្នុងមន្ទីរពេទ្យផ្ទាល់ គឺជាកងទ័ពអាវសដ៏មោះមុត ក្លាហាន ហើយស្ថិតក្នុងឯកសណ្ឋានស ជានិច្ច។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវទស្សនទានមួយចំនួន ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល យកទៅអនុវត្ត និងរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៦ ជាអាទិ៍មាន៖
១) ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយថែរក្សា និងកែលម្អអគារ បរិវេណមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង។
២) លើកកម្ពស់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេសថ្មីៗ ដោយនវានុវត្តន៍ សមស្របទៅតាមកម្រិតនិយាមជាតិ និងអន្តរជាតិ។
៣) បន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើបដិសណ្ឋារកិច្ចរបស់បុគ្គលិក។
៤) ពង្រឹងសាមគ្គីភាពផ្ទៃក្នុង វិន័យ ភាពទទួលខុសត្រូវ ក្នុងពេលបំពេញការងារ។
៥) ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងប្រព័ន្ធបញ្ជូន ប្រព័ន្ធទំនាក់ទំនងផ្សេងៗ។
៦) ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ។
៧) មន្ទីរពេទ្យត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ ដើម្បីកែលម្អនូវចំណុចខ្វះខាត និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ ក្នុងការអភិវឌ្ឍឱ្យកាន់តែល្អថែមទៀត។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមថា រយៈពេលពីរថ្ងៃនេះ អង្គសន្និបាតនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការអនុវត្តជាក់ស្តែងរបស់វាគ្មិនទាំងអស់ ចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីទទួលបាននូវលទ្ធផលទៅតាមការគ្រោងទុក ដែលនឹងយកចំណេះដឹងនេះទៅកែលម្អ និងរៀបចំផែនការការងាររបស់មន្ទីរពេទ្យឆ្នាំ២០២៦ ឱ្យបានកាន់តែល្អប្រសើរថែមទៀត។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកមន្ទីរពេទ្យជាតិ លោក លោកស្រី អង្គភាពថ្នាក់កណ្តាលនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលសម្ព័ន្ធមេត្រី និងមន្រ្តី បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សរុបជិត៤០០នាក់ ។
ពិធីបើកសន្និបាតនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបំពាក់នូវគ្រឿងឥស្សរិយយស ដល់មន្ត្រីរាជការ បុគ្គលិកសុខាភិបាល ដើម្បីជាការលើកទឹកចិត្ត ក្នុងការខិតខំបំពេញភារកិច្ចនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូននូវប័ណ្ណសរសើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ច តស៊ូ លះបង់កម្លាំងកាយចិត្ត ជួយសង្រ្គោះព្យាបាល និងថែទាំសុខភាពវីរកងទ័ព និងជនភៀសសឹក និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ នៅតាមព្រំដែនកម្ពុជា ថៃ។