រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំក្រុមការងារចូលរួម កិច្ចប្រជុំទ្វេភាគីកម្រិតបច្ចេកទេស រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមវេជ្ជបណ្ឌិត Bounxou Keohavong នាយកខុទ្ទការល័យក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈប្រព័ន្ធនិមិត្ម។
ភាគីទាំង២ បានផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមកក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់។ លើសពីនេះទៀត ភាគីទាំង២បានពិភាក្សា និងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងឱសថ ជាពិសេសការរួមគ្នាគ្រប់គ្រង ទប់ស្កាត់ផលិតផលឱសថក្លែងក្លាយ ឱសថក្លែងបន្លំ ឱសថខូចគុណភាពឬអន់គុណភាព ការចរាចរផលិតផលវេជ្ជសាស្រ្តគ្មានចុះបញ្ជិការ។
កិច្ចប្រជុំក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការរៀបចំអនុស្សរណៈ នៃការយោគយល់គ្នាថ្មី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈ ដោយផ្តោតលើ៖ ១)ការផ្លាស់ប្តូរព័ត៌មានអំពីប្រព័ន្ធចុះបញ្ជិកាឱសថ ២)ការពង្រឹងការអនុវត្តច្បាប់ និងនីតិវិធី នៃគ្រប់គ្រងផលិលផលឱសថ ផលិតវេជ្ជសាស្រ្ត ៣)ការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាល រួមទាំងផ្នែកឱសថសាស្រ្ត។
ភាគីទាំងសងខាង បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាជំរុញលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលឱសថ និងផលិតផលវេជ្ជសាស្រ្តស្របតាមស្តង់ដារអន្តរជាតិ ដើម្បីរួមចំណែកក្នុងការការពារ និងលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន នៃប្រទេសទាំង២ ព្រមទាំងឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC)។