រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី១០ខែ មីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពផ្លូវគោក បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ជើងគោក។
ពង្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះមានចំនួន ១៤ជំពូក និង ៩៩មាត្រា បង្កើតឡើងក្នុងគោលបំណងកំណត់អំពីការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងការទប់ស្កាត់ការប្រព្រឹត្តបទល្មើសដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់ ក្នុងគោលបំណងផ្តល់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងធានាការពារសុខភាព និងអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសចាប់ ពីដំណាក់កាលនយោបាយ ឈ្នះ ឈ្នះ និងក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។