រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាខាទី ៣ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ និងប្រជុំពិភាក្សាវាយតម្លៃ នៃការអនុវត្តគម្រោង ត្រឹមខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាព នៃការងារសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យនេះ បានលឿនជាងកាលវិភាគកំណត់ និងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនសាងសង់ ឱ្យពង្រឹងបន្ថែមលើគុណភាព ក៏ដូចជាគោលការណ៍សុវត្ថិភាពនានា ឱ្យកាន់តែប្រសើរឡើង។
ក្នុងកិច្ចប្រជុំ បានពិភាក្សាលេីចំនុចសំខាន់ៗ ដែលបានស្នេីទ្បេីង លោកជំទាវរដ្ឋលេខាធិការ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណាបំពេញតាមគោលការណ៍កំណត់ និងដោះស្រាយឱ្យទាន់ពេលវេលា ដេីម្បីគម្រោងអាចប្រព្រឹត្តទៅប្រកបដោយគុណភាព និងបានសម្រេចរួចរាល់តាមពេលវេលាកំណត់។
គួរបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានលទ្ធផល ៥២,៥៤% លឿនជាងផែនការកំណត់ ៤% នៃផែនការគម្រោងសាងសង់។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោង ឯកឧត្តម ប៉ោ យុទ្ធថា អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកស្រីតំណាង EDCF-Korean Exim Bank ប្រចាំកម្ពុជា ក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមការងារក្រសួងសុខាភិបាល ក្រុមហ៊ុនសាងសង់ ក្រុមទីប្រឹក្សាបច្ចេកទេសសាងសង់ និងក្រុមការងារសាកលវិទ្យាល័យ Inje ដែលមានចំនួនសរុប ២០រូប។