Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)
ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០២៦

រដ្ឋមន្រ្តីសុខាភិបាល៖ «យើងរួមគ្នាកសាងប្រព័ន្ធថែទាំសុខភាពទំនើបមួយ ដោយមានការគាំទ្រពីបច្ចេកវិទ្យាឌីជីថល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីការពារ និងបម្រើសុខភាពជូនប្រជាជនកម្ពុជាឲ្យបានកាន់តែប្រសើរឡើង»។

នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) រៀបចំនៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ពិធីប្រកាសនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងដៃគូអភិវឌ្ឍ សរុបចំនួនប្រមាណ ៣៦០នាក់ និងតាមប្រព័ន្ធវីដេអូសន្និសីទ (កម្មវិធី Zoom) ប្រមាណជាង ៣ ០០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលេចថា សុខាភិបាលឌីជីថល គឺជាយុគសម័យថ្មីមួយ ដែលការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រព័ន្ធសុខាភិបាល បានជំរុញឱ្យមានការផ្លាស់ប្តូរអំពីរបៀប ឬអភិក្រមនៃការគ្រប់គ្រង និងការបម្រើសេវាថែទាំសុខភាព ហើយដែលកំពុងផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មថែទាំសុខភាព នៅទូទាំងពិភពលោក និងនៅកម្ពុជាផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ទស្សនទានមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដូចតទៅ៖ 

ទី១. ការសម្រប និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និងមានចីរភាព នៅក្នុងប្រព័ន្ធសុខាភិបាល។ អន្តរកម្មដែលមានភាពស៊ីចង្វាក់គ្នា រវាង បច្ចេកវិទ្យា មនុស្ស និង ប្រព័ន្ធ គឺជាស្នូលនៃបរិវត្តកម្មសុខាភិបាលឌីជីថល។  

ទី២. សុខាភិបាលឌីជីថលមិនត្រឹមតែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងស្របតាមក្រមសីលធម៌ របស់មន្ត្រីសុខាភិបាលគ្រប់រូបស្របតាម តួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីកែលម្អលទ្ធផលសុខភាពប្រជាពលរដ្ឋ ពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល និងលើកស្ទួយសមធម៌ សំដៅពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកលកម្ពុជា នៅឆ្នាំ២០៣៥។

ទី៣. ការរក្សាសុច្ចរិតភាព និងភាពជឿទុកបាននៃទិន្នន័យ និងការប្រើប្រាស់ទិន្នន័យ ប្រកបដោយសង្គតិភាពទូទាំងប្រព័ន្ធ។ ការពង្រឹងការគ្រប់គ្រងប្រព័ន្ធព័ត៌មានសុខាភិបាល ត្រូវឈរលើមូលដ្ឋាននៃសហការពហុជំនាញ និងពហុវិស័យ និងឈរលើចក្ខុវិស័យរួម ដើម្បីសម្រេចបានការកសាងសមត្ថភាពសុខាភិបាលឌីជីថល នៅក្នុងរយៈពេលវែង។

ទី៤. ការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់អភិបាលកិច្ចសុខាភិបាលឌីជីថល គឺជាវិមាត្រមួយដ៏សំខាន់នៃសុខាភិបាលឌីជីថល ហើយក៏ជាជំហានថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតួអង្គដទៃទៀត។ ក្របខ័ណ្ឌគោលនយោបាយ និងបញ្ញត្តកម្មនឹងធានាការប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយសុខាភិបាលឌីជីថល (Telemedicine, Analytic tools, AI-assisted diagnostics) ស្របតាមស្តង់ដាគុណភាព និងក្រមសីលធម៌ ការការពារទិន្នន័យ និងឯកជនភាព និងការទទួលបានសេវាសុខាភិបាលតាមបែបឌីជីថល ប្រកបដោយទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ 

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋាន គ.រ.ឌ. ព្រមទាំង ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍ ក្នុងការចូលរួមកសាងបានប្រព័ន្ធសុខាភិបាលឌីជីថលអេកូឡូស៊ីមួយ ដែលមានចីរភាពសន្តិសុខ និងផ្តោតលើប្រជាជន ព្រមទាំងការផ្តល់កិច្ចសហការយ៉ាងល្អ និងគាំទ្រយ៉ាងសកម្ម ជាមួយក្រសួងសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59
Image 60
Image 61
Image 62
Image 63
Image 64
Image 65
Image 66
Image 67
Image 68
Image 69
Image 70
Image 71
Image 72
Image 73
Image 74
Image 75
Image 76
Image 77
Image 78
Image 79
Image 80
Image 81
Image 82
Image 83
Image 84
Image 85
Image 86
Image 87
Image 88
Image 89
Image 90
Image 91