រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមសិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច នៅសណ្ឋាគារ ណូវ៉ូថែល។
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងទារកដ្ឋាន មានគោលបំណង៖
- ផ្សព្វផ្សាយទូលំទូលាយនូវអនុក្រឹត្យ ដល់ភាគីពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍន៍
- ស្វែងរកការគាំទ្របង្កើនការវិនិយោគសម្រាប់ផ្តល់សេវាគាំពារ និងអភិវឌ្ឍន៍កុមារតូច ជាពិសេសការបង្កើតទារកដ្ឋាន នៅតាមសហគមន៍ ទារកដ្ឋាននៅតាមសហគ្រាស និងលើកទឹកចិត្តការបង្កើតទារកដ្ឋានឯកជន
- ចែករំលែកចំណេះដឹងអំពីសារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍន៍កុមារតូច។
ក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសយើង ការចូលរួមចំណែករបស់ឳពុកម្តាយ ក្នុងទីផ្សារការងារកាន់តែមានច្រើន ជាពិសេសនៅតាម ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានកម្មករនិយោជិកច្រើន ដែលការថែទាំកូនតូចៗ បានក្លាយជាបញ្ហាប្រឈមមួយសម្រាប់គ្រួសារ។ ក្នុងន័យនេះ ទារកដ្ឋានបានក្លាយទៅជាសេវាដ៏សំខាន់មួយ ក្នុងការជួយសម្រួលបន្ទុកឪពុកម្តាយ ដោយអនុញ្ញាតឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើនប្រាក់ចំណូល និងធ្វើការងារផ្សេងៗ និងធានាថាកូនរបស់ពួកគេទទួលបានការថែទាំនៅក្នុងបរិយាកាស ដែលមានសុវត្ថិភាព អនាម័យ អហារូបត្ថម្ភគ្រប់គ្រាន់ និងអំណោយផលដល់ការអភិវឌ្ឍផ្នែករាងកាយនិងប្រាជ្ញាស្មារតី។
គួរបញ្ជាក់ផងដែរថាក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីនាយិកាធនាគារពិភពលោក តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍ សរុបចំនួន ២៣០ រូប។