Cambodia
ព័ត៌មានលំអិត

Image
ការទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ នៃមូលនិធិ GX Foundation
ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ នៃមូលនិធិ GX Foundation ដោយលោកស្រីវេជ្ជបណ្ឌិត Grace Poon ដែលទើបទទួលបានការតែងតាំងថ្មី ជាប្រធាន នៃមូលនិធិ GX Foundation ប្រចាំកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់មូលនិធិ GX Foundation គាំទ្រវិស័យសុខាភិបាលកម្ពុជានាពេលកន្លងមក ដែលនឹងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា តាមរយៈការជួយកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាម  និងគម្រោងលុបបំបាត់ពិការភ្នែកដោយជំងឺភ្នែកឡើងបាយនៅខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជំនួបនេះ លោក John Chung, Senior Advisor GX Foundation  បានជម្រាប លោកជំទាវរដ្ឋលេខាធិការ អំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិ GX Foundation ជាមួយក្រសួងសុខាភិបាលនាពេលកន្លងមក និងបានធ្វើការណែនាំ លោកស្រីវេជ្ជបណ្ឌិត Grace Poon ជាប្រធាន ទើបទទួលបានការតែងតាំងថ្មី នៃមូលនិធិ GX Foundation ប្រចាំកម្ពុជា។

គោលបំណងក្នុងជំនួបនេះ បានពិភាក្សា៖

១) លទ្ធភាពនៃការពង្រីកគម្រោងលុបបំបាត់ជំងឺភ្នែកឡើងបាយនៅខេត្តផ្សេង បន្ទាប់ពីបញ្ចប់នៅខេត្តកំពង់ស្ពឺ

២) ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម 

៣) ពិភាក្សាសម្ភារៈអប់រំសុខភាពជំងឺគ្រុនឈាម។

ជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកអនុប្រធាន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល និងលោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11