ខេត្តស្ទឹងត្រែង៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) និងឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការ បានចុះពិនិត្យស្ថានភាពសេវាសុខាភិបាល ថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តស្ទឹងត្រែង ដើម្បីពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍
២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៤) ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំអ្នកជំងឺ
៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស
៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល
៧) ការគ្រប់គ្រងឱសថ និងសម្ភារបរិក្ខារ
៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនោះ ក៏មានការចូលរួមសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង លោកស្រីប្រធានការិយាល័យស្រុកប្រតិបត្តិស្ទឹងត្រែង និងមន្រ្តីសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង។