ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចាប់ថ្ងៃទី១១ ដល់ទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ និង ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារចុះជួយពង្រឹងគុណភាព និងសេវាមន្ទីរពេទ្យបង្អែកខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី បានអញ្ជើញចុះអភិបាល និងគាំទ្រ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងស្វែងរកចំណុច ដែលត្រូវកែលម្អបន្ថែមនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងមន្ទីរពេទ្យខេត្តក្រចេះ។
ការចុះអភិបាលនេះ ក្នុងគោលបំណងជួយគាំទ្រ ទៅលើផែនការសម្មភាព ដំណើរការនៃការបម្រើសេវាសុខាភិបាល របស់មន្ទីរពេទ្យ ជូនដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវា ពិនិត្យ ព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកខេត្តទាំងពីរ និងការរៀបចំលំហូរអ្នកជំងឺ ការធ្វើបដិសណ្ឋារកិច្ច ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកចុះឈ្មោះ ទីតាំងបម្រើសេវាបេឡាជាតិសន្តិសុខសង្គម(ប. ស.ស) និងកន្លែងបង់ប្រាក់ជាដើម។
ឯកឧត្តមវេជ្ជបណ្ឌិត បានវាយតម្លៃខ្ពស់លើមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បម្រើសេវាថែទាំ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល ដោយពង្រាយបុគ្គលិកគ្រប់ផ្នែក មានក្រមសីលធម៌ល្អ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងបានចូលរួមដោះស្រាយបញ្ហាមួយចំនួន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់នូវការណែនាំ សំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមដូចខាងក្រោម៖
- ពិនិត្យ និងពង្រឹងសមត្ថភាពផ្នែកសង្រ្គោះបន្ទាន់ ផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្ត្រ ដែលជាចំនុចសំខាន់ក្នុងគោលបំណង ធ្វើឱ្យផ្នែកទាំងបួននេះ កាន់តែមានគុណភាព សុវត្ថិភាព និងជាទីទុក្ខចិត្តជូនដល់ប្រជាពលរដ្ឋ
- ការរៀបចំឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តផ្សេងៗ ឱ្យមានភាពត្រឹមត្រូវ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការប្រធានគណៈប្រតិភូ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិក មន្រ្តីរាជការទាំងអស់ដែលបាន និងកំពុងខិតខំប្រឹងប្រែងបំពេញការងារ តាមតួនាទីបានយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទិសដៅជាយុទ្ធសាស្ត្រ និងជាអាទិភាពក្នុងវិស័យសុខាភិបាល ស្របតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបាននូវវឌ្ឍនភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។