រាជធានីភ្នំពេញ៖ ថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលផ្នែកទី២ នៃកម្មវិធីប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ(D2P) ស្តីពី «ការវាយតម្លៃផ្នែកសេដ្ឋកិច្ចទៅលើគោលនយោបាយ» នៅសណ្ឋាគារសាន់ & មូន រីវើសាយ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដោយមានកិច្ចសហការជាមួយអង្គការ Vital Strategies ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង។ នេះជាវគ្គបណ្តុះបណ្តាលផ្នែកទី២ នៃកម្មវិធី Data to Policy (D2P) នៅកម្ពុជា ដែលផ្តោតជាពិសេសលើការវាយតម្លៃផ្នែកសេដ្ឋកិច្ចទៅលើគោលនយោបាយ ក្នុងការផ្តល់ជាធាតុចូល ដើម្បីរៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមវេជ្ជបណ្ឌិត បានផ្តល់នូវទស្សនទាន ជូនវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្ត នៃក្រសួងសុខាភិបាល ក្នុងកិច្ចការងារគាំទ្រការរៀបចំអនុសាសន៍គោលនយោបាយ សម្រាប់វិស័យសុខាភិបាលកម្ពុជា ដូចខាងក្រោម÷
(១) វិទ្យាស្ថានត្រូវផ្តោតការពង្រឹងសមត្ថភាពអង្គភាព និងប្រពន្ធ័សុខាភិបាលលើការងារគោលនយោបាយ ជាពិសេស ការសម្រេចចិត្តដែលឈរលើទិន្នន័យ និងភស្តុតាងបែបវិទ្យាសាស្រ្តដែលជឿទុកចិត្តបាន និងរឹងមាំ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគោលនយោបាយសុខាភិបាលឱ្យមានប្រសិទ្ធភាព
(២) ពិនិត្យ និងផ្តល់យោបល់ដើម្បីសម្រួចអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ ដោយដំណើរការរៀបចំអនុសាសន៍គោលនយោបាយ ដែលមានលក្ខណៈចូលរួម (participatory approach) និងមាតិការ គោលនយោបាយ (structured content) ដែលផ្អែកលើភស្តុតាង ទិន្នន័យដែលជឿទុកចិត្តបាន ការសរសេរមានភាពសាមញ្ញ ងាយយល់ មានការផ្សារភ្ជាប់ទៅនឹងការវិភាគថ្លៃចំណាយ
(៣) ការបង្កើនសមត្ថភាពសិក្សាស្រាវជ្រាវដើម្បីផលិតចេញនូវអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ ដែលវិទ្យាស្ថានជាតិសុខភាពសាធារណៈ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សាជាន់ខ្ពស់ នៅក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងដៃគូដទៃទៀត ដើម្បីបង្កើនសមត្ថភាពជំនាញ របស់មន្រ្តីសុខាភិបាល ក្នុងការសិក្សាស្រាវជ្រាវ ការវិភាគទិន្នន័យ ការវាយតម្លៃផ្នែកសេដ្ឋកិច្ចសុខាភិបាល (Economics Evaluation) និងការវាយតម្លៃបច្ចេកវិទ្យាសុខាភិបាល (Health Technology Assessment)
(៤) រៀបចំឲ្យមានវេទិកា នៃការសន្ទនាគោលនយោបាយសុខភាពសាធារណៈ យ៉ាងហោចណាស់ឱ្យបានម្តងក្នុងមួយឆ្នាំ ដែលជាវេទិកាសម្រាប់ក្រសួង ស្ថាប័ន ដៃគូ និងសហគមន៍ក្នុងការចែករំលែក ផ្សព្វផ្សាយភស្តុតាង គុណតម្លៃ និងទស្សនទាន ដែលនាំទៅកាន់ការសម្រេចចិត្តដែលមានតម្លាភាព និងប្រសិទ្ធភាព
(៥) រៀបចំឲ្យមានយន្តការសម្រាប់តាមដាន និងវាយតម្លៃលើការអនុវត្តអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីតំណាងនាយកដ្ឋាន នៃក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ក្រសួងកិច្ចការនារី វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ចំនួន ៤៥រូប និងមានគ្រូបង្គោលពីអង្គការ Vital Strategies ចំនួន ៦ រូប (មកពីសហរដ្ឋអាមេរិក និង ហ្វីលីពីន)។