ខេត្តព្រះវិហារ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារបច្ចេកទេសរួមគ្នា រវាងនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងអង្គការ UNICEF ដើម្បីចុះពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលលើការផ្តល់ សេវាសុខភាពផ្លូវចិត្ត និងការគាំទ្រចិត្ត–សង្គម (Mental Health and Psychosocial Support-MHPSS) នៅខេត្តព្រះវិហារ។
បេសកកម្មនេះបានផ្តោតលើ ការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងការពង្រីកសេវាគាំទ្រចិត្ត–សង្គម ដល់ប្រជាពលរដ្ឋដែលរងការប៉ះទង្គិចផ្លូវចិត្តនៅខេត្តព្រំដែន។
ក្នុងជំនួបជាមួយ ឯកឧត្តម គួង ឡួ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបង្ហាញពីការខិតខំប្រឹងប្រែង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ ក្នុងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីកសេវាសុខភាពផ្លូវចិត្ត នៅក្នុងខេត្តព្រះវិហារ។
លោកស្រី Laurance ដែលជាតំណាងអង្គការ UNICEF បានកោតសរសើរចំពោះការកិច្ចសហការយ៉ាងជិតស្និទរវាង នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ក្នុងការឆ្លើយតបជាបន្ទាន់ក្នុងកាលៈទេសៈ ដែលមានគ្រោះអាសន្ន និងបន្តការខិតខំស្វែងរកធនធាន ដើម្បីគាំទ្រដល់ផែនការអន្តរាគមន៍គាំទ្រចិត្ត–សង្គមដល់ប្រជាជនរងគ្រោះ ព្រមទាំងកុមារ និងយុវវ័យ។