រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តី នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ នៅទីស្តីការក្រសួងមហាផ្ទៃ។
គោលបំណងនៃសន្និបាត គឺដើម្បីផ្សព្វផ្សាយរបាយការណ៍ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងបង្ហាញលទ្ធផលនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលសម្រេចបាន ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងលើកទិសដៅការងារ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦ ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀតជាដាច់ខាត។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន អភិបាល អភិបាលរង រាជធានី ខេត្ត លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សរុបចំនួន ៥០០រូប។