ការចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យហ្លួងម៉ែ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១
រាជធានីភ្នំពេញ÷ នារសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហ្លួងម៉ែ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យហ្លួងម៉ែ។
នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការនិងជាប្រធានក្រុមប្រឹក្សាភិបាលដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យហ្លួងម៉ែ ក្រុមវិស្វករនិងក្រុមការងារសំណង់ ដែលកំពុងបំពេញការងារនៅមន្ទីរពេទ្យហ្លួងម៉ែ បានពិនិត្យនូវហេដ្ឋារចនាសម្ព័ន្ធដែលបាននឹងកំពុងជួសជុលកែលម្អហើយគ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយមន្ទីរពេទ្យត្រៀមនឹងបើកដំណើរការក្នុងការពិគ្រោះព្យាបាលជំងឺក្នុងជំហានដំបូងនៅក្នុងខែកញ្ញាឆ្នាំ២០២៤ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរពេទ្យហ្លួងម៉ែ ក៏ដូចជាក្រុមការងារវិស្វករ និងក្រុមការងារសំណង់ទាំងអស់ដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរមកដល់ពេលនេះ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំទៅដល់ក្រុមការងារសំណង់ឱ្យខិតខំបំពេញការងារដោយការទទួលខុសត្រូវ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធទាំងនេះមានគុណភាពសោភ័ណភាពល្អ និងមានលក្ខណៈសមស្របទៅតាមស្ដង់ដារបច្ចេកទេស។
សូមបញ្ជាក់ផងដែរ មន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសជំងឺមហារីក គ្រោងនឹងដាក់ឱ្យដំណើរការជំហានដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ និងបើកដំណើរការពេញលេញក្នុងការផ្ដល់សេវាព្យាបាលជំងឺមហារីកដែលមានលក្ខណៈស្ដង់ដារកម្រិតខ្ពស់នៅដើមឆ្នាំ២០២៥ខាងមុខនេះ។