ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារបច្ចេកទេសចំពោះកិច្ច ពង្រឹងការងារបច្ចេកទេស និងការងារគ្រប់គ្រងនៅ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ការចិះពិនិត្យនេះ ក្នុងគោលដៅលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង សំដៅធានាឱ្យបាននូវការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងសមធម៌។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមសាស្ត្រាចារ្យ ប្រធានក្រុមការងារបានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
- ការគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងវិន័យអង្គភាព
- ការបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសុចរិតភាព និងយកចិត្តទុកដាក់លើអ្នកជំងឺ
- ពង្រឹងការងារគ្រប់គ្រង តាមដានការងារបច្ចេកទេស
- ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែប្រសើរ
- ពង្រឹងសមត្ថភាពដោយមិនទុកឱ្យបញ្ហាបច្ចេកទេសណាមួយក្លាយជាឧបសគ្គដល់ការសង្គ្រោះជីវិតអ្នកជំងឺឡើយ
- ការពង្រឹងសមត្ថភាព និងការតាមដានជាប់ជាប្រចាំ គឺជាគ្រឹះនៃការអភិវឌ្ឍវិស័យសុខាភិបាលប្រកបដោយចីរភាព។