Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង
ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមជនបង្គោលអធិការកិច្ចអន្តរក្រសួង ក្នុងវិស័យសុខាភិបាល ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមអធិការកិច្ចអន្តរក្រសួង ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង។

ក្រុមអធិការកិច្ចអន្តរក្រសួង ត្រូវបានបង្កើតឡើងដោយជោគជ័យលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ វិស័យកម្មន្តសាល វិស័យឧស្សាហកម្មទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់។ អង្គប្រជុំបានសម្រេច លើការងារធ្វើអធិការកិច្ចអន្តរក្រសួង ក្នុងវិស័យឧស្សាហកម្មទេសចរណ៍គឺ៖

- ត្រូវចុះគោលដៅរាជធានីភ្នំពេញចំនួន ៥០គោលដៅ ដែលមានការប្រែប្រួលក្នុងចំណោម ១១៩ទីតាំង ដូចដែលបានកំណត់នៅកិច្ចប្រជុំថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

- ក្នុងការចុះអធិការកិច្ចអន្តរក្រសួងត្រូវប្រើប្រាស់នូវ Checklist ទៅតាមក្រសួងរៀងៗខ្លួន

- លេខាធិការដ្ឋានក្រុមការងារសម្របសម្រួលអធិការកិច្ចអន្តរស្ថាប័ន ត្រូវធ្វើលិខិតបង្គាប់ការរួមមួយ នៅពេលក្រសួងសាមីនីមួយៗផ្ញើមក ដោយត្រូវដាក់បញ្ចូលឈ្មោះទាំងអស់

- នៅពេលដែលសហគ្រាសណាមួយ ដែលបានប្រព្រឹត្តបទល្មើស ត្រូវទទួលនូវការផាកពិន័យស្របតាមច្បាប់ ដែលមានការផាកពិន័យអន្តរការស្រាប់នៅតាមក្រសួងនីមួយៗ អាស្រ័យទៅលើបទល្មើសរបស់សហគ្រាសនោះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងឱ្យក្រសួងពាក់ព័ន្ធចំនួន ៧ រួមមាន៖ (១)ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (២)ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (៣)ក្រសួងបរិស្ថាន (៤)ក្រសួងទេសចរណ៍ (៥)ក្រសួងសុខាភិបាល (៦)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង(៧)ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8