Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល (Technical Working Group for Health)
ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេសសុខាភិបាល និងលោកស្រី Amy Cawthorne តំណាងអង្គការសុខភាពពិភពលោក បានសហដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល ដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត ក្រោមមូលបទ “អភិបាលកិច្ចសុខាភិបាលឌីជីថល ស្ថាបត្យកម្មទិន្នន័យ និងអន្តរប្រតិបត្តិការ”។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា លើប្រធានបទសំខាន់ៗដូចខាងក្រោម៖

១. និម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលក្នុងការអនុវត្តជាក់ស្តែង៖ ការអនុវត្ត និងបញ្ហាប្រឈមនៃគម្រោង CamDHEA ដោយនាយកដ្ឋានសុខាភិបាលឌីជីថល បានលើកឡើងពីវឌ្ឍនភាព ផែនការពង្រីក និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការគោលនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា

២. ប្រព័ន្ធកំណត់ត្រាចាក់វ៉ាក់សាំងអេឡិចត្រូនិក (EIR) នៅតំបន់ប្រតិបត្តិសុខាភិបាលស្រុក-ល្វាឯម ក្នុងខេត្តសៀមរាប បានចែករំលែកបទពិសោធន៍នៃការអនុវត្តប្រព័ន្ធឌីជីថល សម្រាប់ការគ្រប់គ្រងកំណត់ត្រាចាក់វ៉ាក់សាំងនៅកម្រិតមូលដ្ឋាន

៣. ការឆ្ពោះទៅរកការគាំទ្ររួមគ្នាសម្រាប់ការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា ដោយមន្ត្រីបច្ចេកទេស នៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានផ្តោតលើទិសដៅ និងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ក្នុងការជំរុញកំណែទម្រង់ឌីជីថល នៅក្នុងវិស័យសុខាភិបាលកម្ពុជា។

អង្គប្រជុំបានរួមពិភាក្សា និងចោទសួរយ៉ាងសកម្ម ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីខ្លឹមសារ និងលទ្ធភាពនៃការអនុវត្តជាក់ស្តែង។ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ដៃគូអភិវឌ្ឍទាំងអស់ បន្តផ្តល់ការគាំទ្រដល់កម្មវិធីសុខាភិបាលឌីជីថល ព្រោះកម្មវិធីនេះ ជាអាទិភាពមួយរបស់ក្រសួងសុខាភិបាល ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរអំពីរបៀប ឬអភិក្រមនៃការគ្រប់គ្រង និងការបម្រើសេវាថែទាំសុខភាព ហើយដែលកំពុងផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មថែទាំសុខភាព នៅកម្ពុជាផងដែរ។ ក្នុងនោះដែរ លើកកម្ពស់គុណភាពសេវាសុខាភិបាល និងគាំទ្រចក្ខុវិស័យនៃការអភិវឌ្ឍសុខាភិបាលឌីជីថល ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងមានប្រសិទ្ធភាពកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេសសុខាភិបាល ទាំងភាគីក្រសួង និងដៃគូអភិវឌ្ឍន៍សុខាភិបាល សរុបចំនួន ៤៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10