រដ្ឋមន្រ្តីសុខាភិបាល៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន បុគ្គលិកមន្ត្រីរាជការ និងសហគមន៍ ឱ្យចូលរួមក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
នេះមិនមែនជាតម្រូវការផ្នែកសុខាភិបាលតែប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការសង្គម និងសកម្មភាពមនុស្សធម៌។
យើងទាំងអស់គ្នា អាចធ្វើឱ្យការបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត ក្លាយជាវប្បធម៌មួយ នៃការចែករំលែក និងសាមគ្គីជាតិ។»
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២0 ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត និងមន្រ្តីរាជការសុខាភិបាល ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត»។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សំដែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរក្សានូវប្រពៃណីដ៏ល្អប្រពៃនេះជារៀងរាល់ឆ្នាំ ជាពិសេសការបរិច្ចាគឈាមធ្វើឡើងនៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងជិតឈានមកដល់នាពេលខាងមុខនេះ គឺជាការសាងកុសលដ៏ថ្លៃថ្លាបំផុត ដូចដែលសម្តេចព្រះឧត្តមវង្សា គូ សុភាព តែងតែមានសង្ឃដីកាអប់រំថា ការលះបង់នូវអ្វីដែលជាផ្នែកនៃសរីរាង្គដើម្បីជីវិតអ្នកដទៃ គឺជាទានបារមីកម្រិតខ្ពស់ ដែលនាំមកនូវសិរីសួស្តី និងផលបុណ្យយ៉ាងច្រើនក្រៃលែង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្រ្តីសុខាភិបាលទូទាំងប្រទេស ចំពោះវីរៈភាពអង់អាចក្លាហាន និងស្មារតីស្នេហាជាតិ មិនរាថយ សាមគ្គីភាពជាធ្លុងមួយ ទឹកចិត្តមុះមុត និងការចូលរួមការពារបូរណភាពទឹកដី តាមរយៈ ការជួយថែទាំ សង្គ្រោះ ព្យាបាលវីរកងទ័ព វីរនគរបាល និងប្រជាជន ព្រមទាំងជួយអន្តរាគមន៍សុខភាពបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹក ពេលមានជម្លោះតាមព្រំដែនដល់ខេត្ត ដែលមានតម្រូវការជំនួយជាចាំបាច់ នាពេលកន្លងមក។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យកាល់ម៉ែត និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានគ្រឿងឥស្សរិយយស ខិតខំក្នុងការបំពេញភារកិច្ចនាពេលកន្លងមក។
ក្នុងពិធីនេះដែរ ក៏មានព្រះវត្តមាននិមន្តចូលរួមដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះឧត្តមវង្សា គូ សុភាព និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវអគ្គនាយិកាក្រុមហ៊ុន វ័នហ្រេតធើនីធី មជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ទីរពេទ្យជាតិ និងស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការចូលរួមសហការពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី(វីតាល់)។