ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ទទួលបន្ទុកចុះជួយពង្រឹងគុណភាព សេវាសុខាភិបាល មន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាព ដេីម្បីពិនិត្យ ស្វែងយល់ពីបញ្ហាប្រឈម នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ឯកឧត្តមសាស្ត្រាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់ លើសោភ័ណ្ឌភាពទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋានរបស់បុគ្គលិកបានល្អ និងការបម្រើសេវាថែទាំ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល និងបានផ្តល់អនុសាសន៍ណែនាំ សំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៅលើការពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ និងការរៀបចំឯកសារអ្នកជំងឺ ការរៀបចំឯកសារផ្សេងៗរបស់មន្ទីរពេទ្យ និងការប្រើប្រាស់ ថវិកា ដើម្បីអភិវឌ្ឍន៍ មន្ទីរពេទ្យ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី និងបន្តអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល។