រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារ បានចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន៨ និងប៉ុស្តិ៍សុខភាព១ (ជុំទី៣) នៅក្នុងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។
ក្នុងបេសកកម្មនេះ ក្រុមការងារបានជួបប្រជុំ និងមានការអញ្ជើញចូលរួមពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេគង្គ និងថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ ៩ចំណុច៖
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-គ្រប់គ្រងការចែកចាយឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម
៤-ការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព
៨-ជំរុញមណ្ឌលសុខភាពឱ្យមានវិវត្តន៍ពីល្អមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ
៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល។
ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យរង ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពទាំង៨ និងប៉ុស្តិ៍សុខភាព១ ទីតាំងមានដូចជា មណ្ឌលសុខភាពកោះដាច់ ប៉ុស្តិ៍សុខភាពបាក់ខែង ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេគង្គ និងមណ្ឌលសុខភាពស្ទឹងមានជ័យ ច្បារអំពៅ និរោធ ព្រែកឯង ក្បាលកោះ ព្រែកថ្មី ចាក់អង្រែ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។