Cambodia
ព័ត៌មានលំអិត

Image
ក្រសួងសុខាភិបាល ជំរុញគម្រោងសាងសង់អគារមន្ទីរពេទ្យតាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ
ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០២៦

ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសុខភាពលតាមព្រំដែន (Border Area Health Project) អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង រួមជាមួយតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យទីតាំងយុទ្ធសាស្ត្រចំនួន ២ កន្លែង រួមមាន៖ ១.មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និង ២.មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ស្ថិតក្នុងភូមិកោះកែវ ស្រុកមង្គលបូរី។

ការចុះពិនិត្យរួមគ្នារវាងក្រសួងសុខាភិបាល និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គឺដើម្បីប្រមូលទិន្នន័យចាំបាច់ផ្នែកបច្ចេកទេស ដោយផ្តោតលើ៖ ១)ការផ្ទៀងផ្ទាត់ប្លង់មេជាមួយស្ថានភាពដីជាក់ស្តែង ២)ការពិនិត្យលើបទដ្ឋានគំនូសប្លង់ស្ថាបត្យកម្ម ឱ្យស្របតាមស្តង់ដាបច្ចេកទេសជាតិ ៣)ការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងលក្ខណៈនគរូបនីយកម្មជុំវិញទីតាំងសាងសង់។

ដើម្បីធានាឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន ក្រុមការងារបានពិភាក្សាលើចំណុចដែលត្រូវយកចិត្តទុកដាក់បន្ថែម រួមមាន៖ ១)ការត្រួតពិនិត្យគុណភាព ធានាថាសំណង់រឹងមាំ និងប្រើប្រាស់បានយូរអង្វែង ២)សុវត្ថិភាពការដ្ឋាន ការពារហានិភ័យផ្សេងៗ ក្នុងពេលប្រតិបត្តិការសាងសង់ និង ៣)និរន្តរភាព រៀបចំប្រព័ន្ធទឹក-ភ្លើង និងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ឱ្យបានហ្មត់ចត់បំផុត។

ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការនាំយកសេវាសុខាភិបាលឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើសេវាថែទាំសុខភាព ប្រកបដោយគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9