រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ទិវាវេជ្ជសាស្រ្តសមាគម ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្តក្បាល និងក លើកទី១៦ ក្រោមប្រធានបទ «ការរួមបញ្ចូលវិទ្យាសាស្ត្រ ជំនាញ និងក្រមសីលធម៌ ក្នុងសម័យទំនើប នៃវិស័យត្រចៀក ច្រមុះ និងបំពង់ក»។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ថា សមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ មានតួនាទីសំខាន់ ជាដៃគូយុទ្ធសាស្ត្រក្នុងការគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការគោរពសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តចំពោះសមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក កម្ពុជា ដែលបានខិតខំរៀបចំទិវាវិទ្យាសាស្ត្រ ដ៏មានសារៈសំខាន់នេះ ដើម្បីលើកកម្ពស់ចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ។
ទិវានេះ ក៏ជាវេទិកាសម្រាប់បង្កើតគោលដៅថ្មីៗ ក្នុងការលើកស្ទួយវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ លើប្រព័ន្ធសុខាភិបាល និងធានាគុណភាពសេវាសុខាភិបាលកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាល តែងតែគាំទ្រការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស ផ្នែកសុខាភិបាល និងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ ដើម្បីធានាថាប្រជាពលរដ្ឋអាចទទួលបានសេវាសុខាភិបាល ដែលមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងប្រទេស ដោយកាត់បន្ថយការធ្វើដំណើរទៅព្យាបាលក្រៅប្រទេស។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានព្រមានយ៉ាងតឹងរឹងចំពោះការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រដោយគ្មានអាជ្ញាប័ណ្ណ ដែលមិនត្រឹមតែបំពានច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យ ដល់សុខភាពប្រជាជនផងដែរ។ ក្នុងន័យនេះ ក្រសួងសូមអំពាវនាវឱ្យសមាគមវិជ្ជាជីវៈ និងវេជ្ជបណ្ឌិតទាំងអស់ រួមចំណែកពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងផ្សព្វផ្សាយចំណេះដឹង ដើម្បីធានាគុណភាព និងសុវត្ថិភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។
ទិវាវេជ្ជសាស្ត្រនេះ មានការចូលរួមពីគ្រូពេទ្យជំនាញ ព្រមទាំងមានវាគ្មិនអន្តរជាតិល្បីៗ ចូលរួមចែករំលែកបទពិសោធន៍ រួមទាំងអ្នកចូលរួម ចំនួន ៣០០នាក់។