រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំរៀបចំសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR)។
គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលពីករណីដែលមានបញ្ហាពាក់ព័ន្ធនឹងស្ត្រីសម្រាលកូននៅខេត្តកំពត ខេត្តកំពង់ធំ និងខេត្តបាត់ដំបង។ គោលបំណងនៃការប្រជុំ៖ ១.បង្ហាញពីលទ្ធផលនៃ EmONC ២.ពិភាក្សាពីវឌ្ឍនភាពនៃ MPDSR និងផែនការសិក្ខាសាលា ថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦ និង៣.ស្វែងរកជំនួយបន្ថែមពី UNFPA Asia and Pacific។
កិច្ចប្រជុំក៏បានពិភាក្សាអំពីលទ្ធផលសិក្សាដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៃការវាយតម្លៃកម្រិតស្រាលលើសេវាថែទាំសម្ភព និងទារកទើបនឹងកើតបន្ទាន់ (EmONC Light Assessment) ដំណាក់កាលទី១ ឆ្នាំ២០២៥ ដែលគ្របដណ្តប់លើមូលដ្ឋានសុខាភិបាល ចំនួន ៧៦ ក្នុងខេត្តចំនួន ៨ រួមមាន៖ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី។ ការវាយតម្លៃនេះមានគោលបំណងពិនិត្យមើលលទ្ធភាពទទួលបាន និងមុខងារនៃសេវា EmONC បន្ទាប់ពីការអនុវត្តផែនការកែលម្អ ឆ្នាំ២០២០។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានណែនាំឱ្យមានការរៀបចំបណ្តុះបណ្តាលបន្ត CEmONC និង BEmONC នៅតាមមូលដ្ឋានសុខាភិបាល ដើម្បីសម្រេចបាននូវអត្រាថយចុះនៃមរណភាពមាតា និងទារក។ បន្ថែមពីនេះ លោកជំទាវ ក៏បានណែនាំគណៈកម្មការ MPDSR នៃមន្ទីរពេទ្យជាតិ ធ្វើការឱ្យបានជិតស្និតជាមួយខេត្តសម្ព័ន្ធមេត្រី ដើម្បីពង្រឹងប្រព័ន្ធ MPDSR ថ្នាក់ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព។