ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាព និងពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តសៀមរាប ដើម្បីធានាប្រសិទ្ធិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តោតទៅលើចំណុចសំខាន់ៗរួមមាន៖
១)ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងនៅជុំវិញមណ្ឌលសុខភាព
២)ការគ្រប់គ្រងធនធានមនុស្ស ការពង្រឹងសមត្ថភាពបុគ្គលិក
៣)ការគ្រប់គ្រង ឱសថ វ៉ាក់សាំង ការថែទាំសម្ភារៈបរិក្ខារពេទ្យ
៤)ការបំពេញការងារប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍
៥)ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ សេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៦)ការបណ្តុះបណ្តាលបន្ថែម លើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល
៧)ជំរុញមណ្ឌលសុខភាព ឱ្យមានការអភិវឌ្ឍពីល្អមធ្យមទៅល្អបង្គួរ និងឈានទៅល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំការសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
បេសកកម្មនេះមានការចូលរួម និងសម្របសម្រួលពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូត្រនិគម និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប។